តុលាការសម្រេចផ្ដន្ទាទោសលោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន ដាក់ពន្ធនាគារមួយឆ្នាំកន្លះ

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០២៣ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមសម្រេចផ្ដន្ទាទោសលោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន ដាក់ពន្ធនាគារកំណត់ មួយឆ្នាំប្រាំមួយខែ និងពិន័យជាប្រាក់ចំនួនបីលានរៀល ក្រោមការចោទប្រកាន់ពីបទ “មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន”។
សូមរំលឹកថា កាលពីថ្ងៃទី ១៦ ខែសីហា ឆ្នាំ ២០២៣ សាលាដំបូងរាជធានីភ្នំពេញ បើកសវនាការកាត់ទោសលោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន ក្រោមការចោទប្រកាន់ពីបទ «មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន» ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ ២០១៩ បទល្មើសព្រហ្មទណ្ឌ ដែលមានចែងឲ្យផ្ដន្ទាទោស តាមបញ្ញត្តិមាត្រា ២៣១ នៃច្បាប់ ស្តីពី ឧបករណ៍អាចជួញដូរបាន និងប្រតិបត្តិការទូទាត់ប្រាក់។ សវនាការនេះដឹកនាំដោយលោកស្រី ឈុន ដាវី ជាចៅក្រមជំនុំជំរះ និងលោក ប្លង់ សុផល ជាតំណាងអយ្យការ។
គូឲ្យដឹងថា សមត្ថកិច្ចបានចាប់ខ្លួនលោក ថាច់ សេដ្ឋា កាលពីថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២៣ តាមដីកាបង្គាប់របស់ចៅក្រមតុលាការ ដោយចោទប្រកាន់ពីបទមិនបំពេញកាតព្វកិច្ច ចំពោះឧបករណ៍អាចជួញដូរបាន ឬចេញ សែកអត់លុយចំនួន ៥សន្លឹក ហើយដែលត្រូវបានប្ដឹងដោយក្រុមហ៊ុន រិន ឆាយ,ផ ប ស៕
