រាជរដ្ឋាភិបាល ណែនាំក្រសួង ស្ថាប័ន និងភាគីពាក់ព័ន្ធ ត្រូវខិតខំស្វែងរកទីផ្សារកសិផល សម្រាប់ប្រជាកសិករ ពិសេសក្នុងរដូវច្រួតកាត់

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានណែនាំដល់ក្រសួង ស្ថាប័ន និងភាគីពាក់ព័ន្ធ ត្រូវខិតខំស្វែងរកទីផ្សារ កសិផល សម្រាប់ប្រជាកសិករ ជាពិសេសក្នុងរដូវច្រូតកាត់ ដែលនឹងមកដល់នាពេលដ៏ខ្លីខាងមុខ ព្រមទាំងផ្ដល់ការពិគ្រោះយោបល់ អំពីដំណាំសក្ដានុពលសម្រាប់រដូវបន្ទាប់ ។
យោងតាមសេចក្តីប្រកាសព័ត៌មាន លទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ ក្រោមអធិបតីភាព សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានឲ្យដឹងថា កម្មវិធីគោលនយោបាយអាទិភាពទាំង៦ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ គឺកម្មវិធីទី(៥) ការដាក់ចេញនូវយន្តការសម្របសម្រួល និងកម្មវិធីហិរញ្ញប្បទាន សំដៅលើកស្ទួយផលិតកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផលសំខាន់ៗ ក្នុងកម្រិតសមរម្យ និង កម្មវិធីទី (៦) ការដាក់ពង្រាយ មន្ត្រីបច្ចេកទេសកសិកម្មទៅគ្រប់ឃុំ-សង្កាត់ ដែលមានសកម្មភាព កសិកម្ម នៅ ទូទាំងប្រទេស ដើម្បីជំរុញការលើកកម្ពស់ផលិតភាពកសិកម្ម និងជួយដល់គ្រួសារ កសិករ ក្នុងការ លើកស្ទួយ ផលិត ផលកសិកម្មរបស់ខ្លួន និងការរៀបចំឱ្យមានសមាគមកសិករ នៅតាម ទីជនបទ៕
