អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ ២នាក់ ពាក់ព័ន្ធករណី លួចម៉ូតូទៅសាលាដំបូងខេត្តអនុវត្តតាមនីតិវិធី

ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត ។ នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣នេះ កម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនជនសង្ស័យ០២នាក់ ពាក់ព័ន្ធករណីលួចម៉ុតូទៅសាលាដំបូងខេត្តហើយ ដើម្បីអនុវត្តតាមនីតិវិធី។ ចំណែកម៉ូតូ ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ប្រគល់ជូនជនរងគ្រោះវិញ ។
លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានឱ្យដឹងថា៖នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ
លោកបានដឹកនាំកម្លាំងបើកប្រតិបត្តិការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ករណីលួច(ម៉ូតូ) ប្រព្រឹត្តកាលពីវេលាម៉ោង០២និង៣៦នាទីរសៀលនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចភូមិចក្រី ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។តាមពាក្យបណ្តឹងឈ្មោះ ហេង រ៉ូប៉ែរ៍ ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅភូមិចក្រី ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ ខណៈខ្លួនបានទុកម៉ូតូនៅខាងមុខផ្ទះដូចរាល់ដង ហើយបានទៅថ្លឹងស្រូវនៅស្រុកមង្គលបូរី ក្រោយមកឪពុករបស់ខ្លួនបានទូរស័ព្ទប្រាប់ថាបាត់ម៉ូតូ។ ពេលត្រឡប់មកផ្ទះវិញបាន ឆែកកាំមេរ៉ាសុវត្ថិភាពមើលឃើញជនសង្ស័យមួយក្រុមមានគ្នា០៦នាក់ បានធ្វើសកម្មភាពលួចកាច់ ក ម៉ូតូរបស់ខ្លួន។
លោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានឱ្យដឹងទៀតថា៖ ជនសង្ស័យទាំង២នាក់ ១-ឈ្មោះ នឿន នុ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ននៅភូមិគាប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្ត បន្ទាយមានជ័យ។ ២-ឈ្មោះ មាល់ ហេងប៊ុនលាភ(ហៅហេង) ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នស្នាក់នៅភូមិកោះពងសត្វ សង្កាត់កោះពងសត្វ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ វត្ថុតាងចាប់យករួមមានម៉ូតូម៉ាក ហុងដាឌ្រីមធុនC125 (សង់ប៊ិច) ពណ៌ស្លែ ផលិតឆ្នាំ២០១២ ចំនួន ០១គ្រឿង។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានឱ្យដឹងថា៖ក្រោយឃាត់ខ្លួន និងសួរចម្លើយជនសង្ស័យបានសារភាពថា ពួកខ្លួនពិតជាបានធ្វើសកម្មភាពលួចម៉ូតូពិតប្រាកដមែន។ ដោយផ្អែកលើចម្លើយសារភាព និងវត្ថុតាងជាក់ស្តែងកម្លាំងជំនាញបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត បានកសាងសំណុំរឿងបញ្ជូនចាត់ការទៅសាលាដំបូងចាត់ការតាមនីតិវិធី ៕
