ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់៖ ការចុះបញ្ជីដីតំបន់ការពារធម្មជាតិ គម្របដីព្រៃកសិកម្ម និងបឹង ព្រែកនឹងអាចបញ្ឈប់ការទន្ទ្រាន ការកាន់កាប់ដីរដ្ឋដោយខុសច្បាប់

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានមានប្រសាសន៍ថា ការចុះបញ្ជីដីរដ្ឋដូចជា តំបន់ការពារធម្មជាតិ គម្របដីព្រៃកសិកម្ម និងបឹង ព្រែកដែលជារបស់រដ្ឋ នឹងអាចបញ្ឈប់ការទន្ទ្រាន ការកាន់កាប់ដីរដ្ឋដោយខុសច្បាប់ ព្រមទាំងអាចប្រើប្រាស់ធនធានធម្មជាតិដោយនិរន្តភាព និងការពារបាននូវជីវៈចំរុះ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានថ្លែងបែបនេះនៅក្នុងជំនួបពិភាក្សាការងារ ជាមួយតំណាងអង្គការ Wildlife Alliance នៅថ្ងៃអង្គារ ទី១២ ខែកញ្ញា ឆ្នាំ២០២៣នេះ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្តទៀតថា ភារកិច្ចរបស់យើង គឺរៀបចំផែនការប្រើប្រាស់ដីធ្លីស្របតាមធនធានដែលមាន ប្រែក្លាយតំបន់ទាំងនោះអោយទៅជារបៀងអភិវឌ្ឍសេដ្ឋកិច្ច សម្រាប់ទាក់ទាញវិនិយោគ បង្កើតការងារ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ៕
