សម្តេចធិបតី ហ៊ុន ម៉ាណែត៖ លើពិភពលោកនេះ គ្មានប្រទេសណា ហាមឃាត់ពលករមិនឱ្យ ចេញទៅធ្វើការក្រៅប្រទេសទេ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា នៅលើពិភពលោកនេះ គ្មានប្រទេសណារាំងខ្ទប់ប្រជាពលរដ្ឋរបស់ខ្លួនមិនឱ្យចេញទៅធ្វើការនៅក្រៅប្រទេសនោះឡើយ ព្រោះការងារនៅក្រៅប្រទេសគឺជាជម្រើសការងារសម្បូរបែបសម្រាប់ប្រជាពលរដ្ឋ បង្កើនប្រាក់ចំណូល។
ក្នុងឱកាសជួបសំណេះសំណាលជាមួយកម្មករនិយោជិតប្រមាណជិត ២ម៉ឺននាក់ នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា «យើងខិតខំបង្កើនការងារជូនប្រជាជននៅក្នុងប្រទេស តែក៏មិនហាមឃាត់អ្នកទៅធ្វើការនៅក្រៅប្រទេសដែរ ហើយនៅលើពិភពលោកនេះ គ្មានគោលនយោបាយណាដែលហាមឃាត់ពលករមិនឱ្យចេញទៅក្រៅប្រទេសទៅធ្វើការនោះទេ» ។
គួរជម្រាបថា ពលករខ្មែរដែលកំពុងធ្វើការងារនៅក្រៅប្រទេស គឺមាននៅប្រទេសថៃជាង១.២លាននាក់ កូរ៉េខាងត្បូងមានជាង៥ម៉ឺននាក់ ជប៉ុនជាង២ម៉ឺននាក់ ក្រៅពីនេះមាននៅម៉ាឡេស៉ី សិង្ហបុរី តំបន់រដ្ឋបាលពិសេសហុងកុងជាដើម ៕
