ពលរដ្ឋខ្វះខាត ៧៥០គ្រួសារ នៅក្រុងប៉ោយប៉ែត ទទួលបានអំណោយសង្គ្រោះក្នុងគ្រាលំបាក

បន្ទាយមានជ័យ៖ ដោយទឹកចិត្តអាណិតស្រឡាញ់ ជាប្រពៃណីខ្មែរជួយខ្មែរក្នុងគ្រាលំបាក កាលពីរសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ ក្នុងបរិវេណវត្ត ខ្មែរពុទ្ធភូមិ ជាយដែនសីមារាម សង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ព្រះអង្គគ្រូមុនីសីលសោភ័ណ សេរីបញ្ញា សយ ចាន់ថន ទីប្រឹក្សា ព្រះមេគណខេត្ត និងជាព្រះគ្រូចៅអធិការវត្ត ព្រះអង្គបានមានទឹកព្រះ ទ័យអាណិតស្រឡាញ់ចំពោះបងប្អូនប្រជាពលរដ្ឋទីទ័លក្រចំនួន ៧៥០គ្រួសារមកពីភូមិសង្កាត់នៅក្រុងប៉ោយប៉ែតទទួលបានអំណោយមនុស្សធម៌ដោយផ្ទាល់ដែលផ្តល់អំណោយដែលជាគ្រឿងឧបភោគបរិភោគទាំងនេះគឺជាទឹកព្រះ ទ័យ សប្បុរសធម៌ដោយចេតនាមួយស្តែងឲ្យឃើញពីការខិតខំ មានក្ដីអាណិតស្រឡាញ់ចំពោះជនជាតិខ្មែរដូចគ្នាដោយឈរលើស្មារតីជួយសង្គ្រោះគ្នាក្នុងគ្រាលំបាក។
អំណោយទាំងនេះ គឺមានភាពតិចតួចប៉ុណ្ណោះពុំអាចផ្គត់ផ្គង់បានយូរអង្វែងនោះទេសូមបងប្អូនខិតខំរិះរកគ្រប់មធ្យោបាយក្នុងកាលៈទេសៈនេះ ត្រូវដាំបន្លែបង្ការចិញ្ចឹមសត្វនិងការងារ ផ្សេងៗ យ៉ាងណាឲ្យមានការស្របច្បាប់ជៀសវាងអំពើអបាយផ្សេងៗ ពិសេសបញ្ហាគ្រឿងញៀនទាំងការជួញដូរនិងការប្រើប្រាស់។
លោកខៀវ សុខនិមល អនុប្រធានមន្ទីរធម្មការនិងសាសនាខេត្ត ព្រះឧត្តមសីលញ្ញាណ ធុល សុធាព្រះមេគណខេត្តបានមានប្រសាសន៍និងសង្ឃដីកាបានថ្លែងការកោតសរសើរនូវសន្តានចិត្តដ៏សប្បុរសធម៌ ចំពោះព្រះតេជគុណ សយ ចាន់ថន ព្រះអង្គតែងតែចែករំលែកនូវសម្ភារៈអំណោយមនុស្សធម៌ដល់បងប្អូនប្រជាពលរដ្ឋកំពុងខ្វះខាតនាពេលនេះ។
ជាក់ស្តែងក្នុងដើមឆ្នាំ២០២៣នេះព្រះអង្គបានផ្តល់នូវអំណោយតាមបណ្ដាវត្តចំនួន២៣ ផ្តល់អំណោយជូនរដ្ឋ បាលសង្កាត់អូរជ្រៅ សង្កាត់ប៉ោយប៉ែតផ្តល់ជូននូវអំណោយដល់គ្រួសារអ្នកដែលបានទទួលមរណៈភាពតាមបណ្ដាភូមិនានា និងផ្តល់ជូនដល់ ដោយសាខាកាកបាទក្រហមខេត្ត សរុបអង្ករចំនួន ៨តោន ៥០០គីឡូក្រាមរួមទាំងភេសជ្ជៈផ្សេងៗសរុបថវិកាចំនួន៥១.២៧៥.០០០ រៀល គិតចាប់ពីខែមករាដល់ខែមិថុនានេះ។ដោយឡែកនៅថ្ងៃនេះដែរព្រះតេជគុណក៏បានចែកជូនដល់ប្រជាពលរដ្ឋចំនួន ៧៥០គ្រួសារក្នុងមួយគ្រួសារទទួលបាននូវអង្ករ១០គីឡូក្រាម ឃីត១កញ្ចប់ ទឹកសុទ្ធមួយយួរ សរុបថវិកាអស់ចំនួន ៣៤.៥០០.០០០រៀល ផងដែរ ៕
