នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត សម្តែងនូវការអរគុណចំពោះសប្បុរសជន ដែលតែងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការឧបត្ថម្ភគាំទ្រដល់កងយោធពលខេមរភូមិន្ទ

ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ហ៊ុន ម៉ាណែត បានសម្តែងនូវការអរគុណចំពោះសប្បុរសជនខ្មែរយើងទាំងអស់ ដែលតែងបានខិតខំចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល តបតាមការអំពាវនាវរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការឧបត្ថម្ភគាំទ្រដល់កងយោធពលខេមរភូមិន្ទ។
នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានលើកឡើងបែបនេះនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ ខណៈអញ្ជើញតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងពិធីប្រគល់-ទទួលរថយន្តដឹកជញ្ជូន ជូនបណ្តាកងឯកភាព នៃកងយោធពលខេមរភូមិន្ទ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។
នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានលើកឡើងថា ក្នុងនាម សម្តេចទាំងទ្វេ ខ្ញុំសូមសម្តែងនូវការអរគុណចំពោះសប្បុរសជនខ្មែរយើងទាំងអស់ ដែលតែងបានខិតខំចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល តបតាមការអំពាវនាវរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការឧបត្ថម្ភគាំទ្រដល់កងយោធពលខេមរភូមិន្ទ ជាពិសេសនៅក្នុងដំណាក់កាលដែលកងយោធពលខេមរភូមិន្ទ កំពុងខិតខំពុះពារសម្រេចឱ្យបាននូវដំណើរការកំណែទម្រង់របស់ខ្លួន សំដៅកសាង និងពង្រឹងប្រៀបការពារជាតិឱ្យបានកាន់តែរឹងមាំ ធានាបាននូវឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី ព្រមទាំងសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍជាតិ ។
នាយឧត្តមសេនីយ៍ បន្ថែមថា ទឹកចិត្ត និងកាយវិការដ៏ប្រពៃថ្លៃថ្លានេះ គឺជាការចូលរួមចំណែកមួយយ៉ាងសំខាន់ក្នុងនាមសមរភូមិក្រោយ ដែលតែងតែឧបត្ថម្ភគាំទ្រផ្នែកមូលដ្ឋានសម្ភារចាំបាច់ឱ្យដល់កងទ័ព ដើម្បីឱ្យកងទ័ពអាចប្រើប្រាស់សមត្ថភាពជំនាញប្រកបដោយប្រសិទ្ធភាពក្នុងការអនុវត្តគ្រប់ភារកិច្ចចាំបាច់ចំពោះមុខ រួមទាំងក្នុងប្រតិបត្តិការជំនួយមនុស្សធម៌ និងសង្គ្រោះគ្រោះមហន្តរាយ ក៏ដូចជាដើម្បីឆ្លើយតបចំពោះដំណើរការទំនើបកម្មស្របតាមការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិ ។
នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ក៏បានអំពាវនាវ សូមចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា លើកទឹកចិត្តដល់សប្បុរសជនគ្រប់មជ្ឈដ្ឋាន សូមបន្តចូលរួមចំណែកអនុវត្តកាតព្វកិច្ចការពារជាតិដ៏ពិសិដ្ឋរបស់ពលរដ្ឋ ដោយឈរលើមូលដ្ឋាននៃខឿនការពារជាតិរបស់ប្រជាជននេះ ឱ្យបានកាន់តែសកម្មបន្ថែមទៀត ដើម្បីជាគុណប្រយោជន៍យុទ្ធសាស្ត្រយូរអង្វែង ជាពិសេសបម្រើដល់ការកែទម្រង់កងយោធពលខេមរភូមិន្ទ ដែលជាកម្លាំងស្នូល និងឆ្អឹងខ្នងនៃខឿនការពារជាតិ៕
