អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនខេត្តកំពត បើកវគ្គបណ្តុះបណ្តាលបង្កើនចំណេះដឹងពីបញ្ហាគ្រឿងញៀនក្នុងវិស័យគ្រឹស្ទបរិស័ទ

ភ្នំពេញ៖ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តកំពត បានបន្តបើកវគ្គបណ្តុះបណ្តាលបង្កើនចំណេះដឹងពីបញ្ហាគ្រឿងញៀនដល់ក្រុមប្រឹ ក្សាបណ្តាញព្រះវិហារគ្រីស្ទបរិស័ទកម្ពុជាសាខាខេត្តកំពត។
លោក អ៊ួង យូហាន ប្រធានក្រុមប្រឹក្សាបណ្តាញព្រះវិហារគ្រីស្ទបរិស័ទកម្ពុជា បានមានប្រសាសន៍ថា ព្រះប្រទានពរ ការស្រឡាញ់អ្នកដទៃ ដូចស្រឡាញ់ខ្លួនឯង មានន័យថាការជួយសមាជិកឬគ្រួសារយើងចៀសផុតបានពីបញ្ហាគ្រឿងញៀនគឺយើងគួរជួយសមាជិក និងក្រុមគ្រួសារអ្នកជិតខាងឱ្យចៀសចាកផុតដូចយើងដែរ។
ក្នុងនាមឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត ប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តកំពត ឱកាសនោះ លោក ខៀវ រិទ្ធី ភ័ណ្ឌ អភិបាលរងបានពាំនាំការសួរសុខទុក្ខនិងអរគុណដល់ប្រជាពលរដ្ឋអ្នកកំពត ពិសេសពួកជំនុំ គ្រូកង្វាល សមាជិកក្រុមប្រឹក្សាបណ្តាញព្រះវិហារគ្រីស្ទបរិស័ទកម្ពុជា សាខាខេត្តកំពត ដែលបាននិងបន្តចូលរួមចំណែកអនុវត្តនូវគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាល។
ថ្លែងក្នុងនាម ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នាឱកាសនោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វីរិទ្ធ អគ្គលេខាធិការ បានមានប្រសាសន៍ថ្លែងអំណរគុណ និងកោតសរសើរដល់គ្រីស្ទបរិស័ទដែលបានចូលរួមចំណែកអនុវត្តបាននូវនយោបាយសុខដុមនីយកម្មសាសនា ដែលជាគំនិតផ្តួចផ្តើមរបស់សម្តេចតេជោហ៊ុន សែន មានសន្តិសុខ មានសន្តិភាព និងការអភិវឌ្ឍ។
ជាមួយគ្នានេះ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វីរិទ្ធ សំណូមពរដល់គ្រីស្ទបរិស័ទទាំងអស់សូមយកចំណេះដឹងនៃវគ្គបណ្តុះបណ្តាលនេះយកទៅការពារខ្លួនយើង ក្រុមគ្រួសារយើង និងជួយអ្នកជិតខាង គ្រួសារអ្នកជិតខាង កុំឱ្យមានបញ្ហាគ្រឿងញៀន ដូចព្រះបន្ទូលព្រះ “កុំប្រពឹត្តអំពើបាប ត្រូវស្រឡាញ់អ្នកជិតខាងឱ្យដូចស្រឡាញ់ខ្លួនយើងដែរ” គ្មានអ្នកប្រើគ្រឿងញៀនគឺគ្មានអ្នកលក់គ្រឿងញៀន”៕
