ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញក្នុងពិធីពិសារអាហារសាមគ្គីជាមួយគណៈអាជីវករក្នុងខេត្តកំពង់ចាម ដែលរៀបចំឡើងដោយសភាពាណិជ្ជកម្មខេត្ត នៅមជ្ឈមណ្ឌលយៀកថៃ

ភ្នំពេញ៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នាល្ងាចថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីពិសារអាហារសាមគ្គីជាមួយគណៈអាជីវករក្នុងខេត្ត ដែលរៀបចំឡើងដោយសភាពាណិជ្ជកម្មខេត្ត នៅមជ្ឈមណ្ឌលយៀកថៃ។
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានមានប្រសាសន៍ជំរុញឲ្យសភាពាណិជ្ជកម្មខេត្តកំពង់ចាម ធ្វើការពង្រឹងគ្រឹះរបស់ខ្លួនដើម្បីចាប់យក ឱកាសវិនិយោគបន្ថែមទៀត ក្នុងការបង្កើនសេដ្ឋកិច្ចនៅក្នុងតំបន់។
ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍បន្តថា ដើម្បីធ្វើឲ្យមានជំនឿ មានអតិថិជនច្រើន អង្គភាពសភាពាណិជ្ជកម្មត្រូវមានសាមគ្គីភាព និងការឯកភាពគ្នា តាមរយៈការប្រជុំ ការពិគ្រោះយោបល់ សម្រេចដោយប្រធាន និងឈានដល់ការដាក់ចេញនូវ ការវិនិយោគ ការបណ្ដាក់ទុន ដែលនាំមកនូវការរីកចម្រើន។
ឯកឧត្ត អភិបាលខេត្ត បានវាយតម្លៃខ្ពស់ ដល់សភាពាណិជ្ជកម្មខេត្ត ក្នុងការប្រកបអាជីវកម្ម និងទទួលបានសមាជិកច្រើន ពោលគឺ ការបង្កើតដៃគូបានច្រើននៅក្នុងការវិនិយោគ។ ម្យ៉ាងទៀតរាជរដ្ឋាភិបាលបានសម្រេចហើយផងដែរ ក្នុងការផ្ដល់សិទ្ធិឲ្យរដ្ឋបាលខេត្ត មានសិទ្ធិសម្រេចនៃការវិនិយោគ ដែលមានទុនត្រឹមប្រាំលានដុល្លារចុះក្រោម។ ដូច្នេះប្រការនេះសំខាន់ណាស់ ដែលយើងត្រូវរួមគ្នា ក្នុងការស្វែងរកដៃគូវិនិយោគឲ្យបានច្រើនដើម្បីបណ្ដាក់ទុនរកស៊ីជាមួយគ្នា ទាំងនៅក្នុងស្រុក និងនៅបរទេស ៕
