សម្តេចតេជោ ហ៊ុន សែន៖ ក្រុមម៉ុងតាញ៉ា បានចាកចេញពីកម្ពុជាអស់ហើយ តែបើអ្នកថ្មីចូលមក ត្រូវចាប់បញ្ជូនឲ្យវៀតណាមភ្លាម

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអះអាងថា ពួកម៉ុងតាញ៉ាដែលជាក្រុមឧទ្ទាមនៅប្រទេសវៀតណាម បានចាកចេញពីប្រទេសកម្ពុជាអស់ហើយ ប៉ុន្តែបើមានអ្នកចូលមកថ្មីត្រូវតែចាប់បញ្ជូនទៅឱ្យវៀតណាមភ្លាមៗ ដាច់ខាតមិនឱ្យពួកទាំងនោះមាននៅលើទឹកដីកម្ពុជាឡើយ ។
ក្នុងឱកាសជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបជិត២ម៉ឺននាក់ នៅស្រុកជើងព្រៃ និងស្រុកបាធាយ ខេត្តកំពង់ចាម នាថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ សម្ដេចតេជោថ្លែងថា «បញ្ជាក់ឡើងវិញថា ម៉ុងតាញ៉ាបានចាកចេញពីកម្ពុជាអស់ហើយ ប៉ុន្តែបើចេញអស់ហើយ កុំឱ្យមានអាថ្មីចូលមកទៀត អាថ្មីចូលមកក្រោយនេះ គឺត្រូវចាប់ឱ្យវៀតណាមភ្លាមៗ ព្រោះពួកទាំងនេះគឺធ្វើសកម្មភាពវាយប្រហារសម្លាប់មនុស្សនៅវៀតណាម ដាច់ខាតមិនមាននៅលើទឹកដីកម្ពុជានោះទេ»។
សម្ដេចតេជោក៏បានហាមប្រាមចំពោះអង្គការទាំងឡាយដែលកំពុងដំណើរការនៅប្រទេសកម្ពុជា មិនឱ្យទាក់ទងជាមួយក្រុមឧទ្ទាមសម្លាប់មន្ត្រីនិងប្រជាជនវៀតណាមកាលពីពេលថ្មីៗនេះ និងបានព្រមានយ៉ាងដាច់ណាត់ថា ប្រសិនបើមានអង្គការណាពាក់ព័ន្ធនឹងក្រុមឧទ្ទាមនេះមែន រាជរដ្ឋាភិបាលកម្ពុជានឹងការរំលាយអង្គការនោះចេញភ្លាមដែរ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ ពួកក្រុមឧទ្ទាមនៅវៀតណាមដែលមានគ្នាជាង ៦០០នាក់ បានបាញ់សម្លាប់មន្ត្រីឃុំ និងសេនាជនវៀតណាម ៤នាក់ និង២នាក់ទៀត របួសជាទម្ងន់។ ហេតុការណ៍នេះបានកើតឡើងនៅឃុំ Ea Tieu និងឃុំ Ea Ktur ក្នុងស្រុក Cu Kuin របស់ខេត្ត Dak Lak ភាគកណ្ដាលប្រទេសវៀតណាម ៕
