នាយករដ្ឋមន្ត្រីជប៉ុនលោក Kishida បញ្ជាក់ថា ប្រទេសជប៉ុនមិនមានគម្រោងចូលរួមជាមួយណាតូទេ ប៉ុន្តែបានទទួលស្គាល់ផែនការបើកការិយាល័យទំនាក់ទំនងនៅទីក្រុងតូក្យូ
តូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida កាលពីថ្ងៃពុធបានឲ្យដឹងថា ប្រទេសជប៉ុនមិនមានគម្រោងក្លាយជាសមាជិកណាតូទេ ប៉ុន្តែបានទទួលស្គាល់ផែនការរបស់សម្ព័ន្ធសន្តិសុខក្នុងការបើកការិយាល័យទំនាក់ទំនងនៅក្នុងប្រទេសជប៉ុន។
ការអត្ថាធិប្បាយរបស់លោក Kishida បានកើតឡើងបន្ទាប់ពីឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅសហរដ្ឋអាមេរិកកាលពីដើមខែនេះបានឲ្យដឹងថា កតិកាសញ្ញាយោធាដែលដឹកនាំដោយសហរដ្ឋអាមេរិកកំពុងរៀបចំផែនការការិយាល័យទីក្រុងតូក្យូ ដែលជាការិយាល័យដំបូងគេនៅអាស៊ី ដើម្បីជួយសម្រួលដល់ការពិគ្រោះយោបល់នៅក្នុងតំបន់។
លោក Kishida បានប្រាប់កិច្ចប្រជុំសភាកាលពីថ្ងៃពុធថា ខ្ញុំមិនដឹងពីការសម្រេចចិត្តណាមួយដែលបានធ្វើឡើង នៅណាតូទាក់ទងនឹងការបង្កើតការិយាល័យនេះ ដោយបន្ថែមថាប្រទេសរបស់គាត់មិនមានគម្រោងចូលរួមជាមួយណាតូក្នុងឋានៈជាសមាជិក ឬរដ្ឋពាក់កណ្តាលសមាជិកនោះទេ។