លោក ហុង ចាន់សុខា ត្រូវបានប្រកាសតែងតាំងជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺថ្មី ជំនួសលោក ជិន គួង ដែលត្រូវចូលនិវត្តន៍

កំពង់ស្ពឺ៖ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន រួមជាមួយ ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុង ពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ ពិធីនេះត្រូវបានប្រារព្ធធ្វើឡើងយ៉ាងឱឡារិកនៅសាលប្រជុំធំអគារសាលាខេត្តកំពង់ស្ពឺ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមប្រតិភូអមដំណើរ លោក លោកស្រី ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ ព្រមទាំងមន្ត្រីរាជការយ៉ាងច្រើនកុះករ។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះ លោក ជិន គួង ប្រធានមន្ទីរចាស់ ដែលបានខិតខំប្រឹងប្រែងលះបង់កម្លាំងកាយចិត្ត ក្នុងការដឹកនាំអង្គភាព និងចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ក្នុងខេត្តនាពេលកន្លងមក។
ទន្ទឹមនឹងនេះ ឯកឧត្តមអភិបាលខេត្ត ក៏បានសម្តែងការអបអរសាទរចំពោះ លោក ហុង ចាន់សុខា ដែលទទួលបានការទុកចិត្តពីថ្នាក់ដឹកនាំ តែងតាំងជាប្រធានមន្ទីរថ្មី និងបានផ្តល់ការណែនាំសំខាន់ៗមួយចំនួនដល់ប្រធានមន្ទីរទើបតែងតាំងថ្មី ត្រូវថែរក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុងឱ្យបានល្អ ជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៅក្នុងអង្គភាព។ ត្រូវបន្តខិតខំប្រឹងប្រែងយកចិត្តទុកដាក់ខ្ពស់ លើការគ្រប់គ្រង ថែទាំ និងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ឱ្យកាន់តែមានគុណភាព និងសោភ័ណភាពស្របតាមការរីកចម្រើនរបស់ខេត្ត។ និងត្រូវសហការជិតស្និទ្ធជាមួយរដ្ឋបាលខេត្ត មន្ទីរ-អង្គភាពជុំវិញ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដើម្បីដោះស្រាយបញ្ហាប្រឈមនានាជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានចូលរួមអបអរសាទរ និងផ្តល់ការណែនាំជាគន្លឹះសំខាន់ៗដល់ លោកប្រធានមន្ទីរដែលទើបតែងតាំងថ្មី ព្រមទាំងមន្ត្រីរាជការនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការបំពេញភារកិច្ចស្របតាមច្បាប់ បទដ្ឋានគតិយុត្ត និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់វិស័យសាធារណការ និងដឹកជញ្ជូន។ ត្រូវពង្រឹងការត្រួតពិនិត្យ និងតាមដានរាល់ការស្ថាបនា កែលម្អ និងថែទាំហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ក្នុងខេត្ត ឱ្យស្របតាមស្តង់ដារបច្ចេកទេស ធានាបាននូវភាពរឹងមាំ និងប្រើប្រាស់បានយូរអង្វែង។ ត្រូវជម្រុញ និងលើកកម្ពស់គុណភាពនៃការផ្តល់សេវាសាធារណៈ (ដូចជាការធ្វើប័ណ្ណបើកបរ ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តជាដើម) ជូនប្រជាពលរដ្ឋឱ្យបានលឿន រហ័ស និងមានតម្លាភាព។ ត្រូវសហការជាមួយអាជ្ញាធរដែនដី និងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីរឹតបន្តឹង និងទប់ស្កាត់រថយន្តដឹកទម្ងន់ហួសកម្រិតច្បាប់កំណត់ ដែលជាមូលហេតុចម្បងធ្វើឱ្យផ្លូវឆាប់ខូច។
ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការជឿជាក់យ៉ាងមុតមាំថា លោកប្រធានមន្ទីរថ្មី នឹងប្រើប្រាស់សមត្ថភាព ជំនាញ និងបទពិសោធន៍ដែលមាន មកដឹកនាំនិងអភិវឌ្ឍន៍អង្គភាពឱ្យកាន់តែរីកចម្រើន និងទទួលបានសមិទ្ធផលថ្មីៗបន្ថែមទៀតជូនខេត្តកំពង់ស្ពឺផងដែរ៕

