បណ្ឌិត ហ៊ុន ម៉ាណែត៖ ព្រឹត្តិការណ៍ស៊ីហ្គេម ជាមោទនភាពដ៏គួរឱ្យស្ញប់ស្ញែង ក្នុងនាមជាខ្មែរ ដែលកម្ពុជាអាចសម្រេចបាន ជោគជ័យយ៉ាងត្រចះត្រចង់ ក្នុងការលើកកម្ពស់កិត្តិនាម ឱ្យល្បឺរន្ទឺពាសពេញសាកលលោក

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា ព្រឹត្តិការណ៍ស៊ីហ្គេម គឺជាមោទនភាពដ៏គួរឱ្យស្ញប់ស្ញែងក្នុងនាមជាខ្មែរ ដែលកម្ពុជាអាចសម្រេចបានជោគជ័យ យ៉ាងត្រចះត្រចង់ក្នុងការលើកកម្ពស់កិត្តិនាមកម្ពុជា ឱ្យល្បឺរន្ទឺពាសពេញតំបន់អាស៊ីអាគ្នេយ៍ ដែលជាសហគមន៍តែមួយ ហើយក៏បន្តសុះសាយនៅទូទាំងសាកល ។
ក្នុងឱកាសតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញសម្ពោធឆ្លងសាលប្រជុំបុណ្យ និងសមិទ្ធផលនានា ក្នុងវត្តគីរីស្រះស្រង់ (ហៅវត្តធនមន្ត) ស្ថិតនៅភូមិទួលសុភី ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល នាថ្ងៃទី១៧ ខែឧសភា ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនៃកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ដែលបានដំណើរការប្រកួតនៅលើទឹកនៃព្រះរាជាណាចក្រកម្ពុជាចំនួន ៥ រាជធានី-ខេត្ត នឹងត្រូវប្រកាសបិទបញ្ចប់នាថ្ងៃនេះ ជាមួយនឹងភាពជោគជ័យ ភាពស្និទ្ធស្នាល សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការល្អដោយឈរលើស្មារតីកីឡា និងស្របតាមប្រធានបទ “កីឡារស់ក្នុងសន្តិភាព”។
ឯកឧត្តមបណ្ឌិត បញ្ជាក់ថា «ជាមួយគ្នានេះ ព្រឹត្តិការណ៍នេះ គឺជាមោទនភាពដ៏គួរឱ្យស្ញប់ស្ញែងក្នុងនាមជាខ្មែរ ដែលកម្ពុជាអាចសម្រេចបានជោគជ័យយ៉ាងត្រចះត្រចង់ក្នុងការលើកកម្ពស់កិត្តិនាមកម្ពុជាឱ្យល្បឺរន្ទឺពាសពេញតំបន់អាស៊ីអាគ្នេយ៍ដែលជាសហគមន៍តែមួយ ហើយក៏បន្តសុះសាយនៅទូទាំងសាកល តាមរយៈ យុទ្ធសាស្ត្រប្រកបដោយភាពវ័យឆ្លាតរបស់រាជរដ្ឋាភិបាល ក្នុងការបើកទូលាយឱ្យមានការផ្សព្វផ្សាយបន្តដោយមិនគិតថ្លៃ ជាពិសេសក៏បានផ្តល់ការស្នាក់នៅហូបចុកដល់គណៈប្រតិភូ និងកីឡាករទាំងអស់ដោយមិនគិតថ្លៃផងដែរ។ “យើងជាប្រទេសតូច តែបេះដូងធំ” យើងជាប្រទេសប្រកបដោយភាពកក់ក្តៅ ដែលមានប្រជាជនពោរពេញដោយភាពរួសរាយរាក់ទាក់» ។
ឯកឧត្តម ហ៊ុន ម៉ាណែត បន្ថែមថា ផ្អែកលើស្នាដៃនៃការរៀបចំប្រកបដោយការយកចិត្តទុកដាក់ និងស្មារតីទទួលខុសត្រូវខ្ពស់ គឺពិតជាបានសបញ្ជាក់អំពីបេះដូងពិត និងតថភាពនៃការអភិវឌ្ឍរីកចម្រើនជាក់ស្តែងដែលកំពុងមានយ៉ាងប្រាកដនៅកម្ពុជាក្រោមម្លប់សន្តិភាព ស្ថិរភាព និងសណ្តាប់ធ្នាប់ល្អ តាមរយៈការបង្ហាញដល់ប្រជាជនគ្រប់ជាតិសាសន៍លើពិភពលោកឱ្យបានដឹង បានស្គាល់ បានស្វែងយល់ បានមកទស្សនាកំសាន្ត និងអាចបន្តមកទស្សនាបន្តទៀតក្នុងពេលខាមុខ។
ឯកឧត្តមបណ្ឌិត បន្តថា ជាក់ស្តែង មោទនភាពជាតិក្នុងស្មារតីជាតិនិយម ដែលទទួលបានការគាំទ្រយ៉ាងផុសផុលពីប្រជាជនទូទាំងប្រទេស ក្រោមស្មារតីកីឡាតែមួយ បានលើកស្ទួយកិត្តិយសជាតិលើឆាកអន្តរជាតិ និងជាកម្លាំងចិត្តដ៏ខ្លាំងក្លាសម្រាប់គ្រប់កីឡាករក្នុងការប្រឹងប្រែងយកជ័យជម្នះជូនជាតិមាតុភូមិ។
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត គូសបញ្ជាក់ថា ជាលទ្ធផល កម្ពុជាទទួលបានមេដាយសរុបចំនួន ២៨២ ដែលក្នុងនោះមេដាយមាសចំនួន ៨១, មេដាយប្រាក់ ៧៤ និងមេដាយសំរិទ្ធ ១២៧ ដោយស្ថិតក្នុងលំដាប់លេខរៀងទី៤ ហើយដែលនេះ គឺជាប្រវត្តិសាស្ត្រ និងកម្រិតខ្ពស់ដែលកម្ពុជាទទួលបាន។ លទ្ធផលដ៏ត្រចេះត្រចង់នេះ គឺកើតចេញពីការគិតគូរយ៉ាងច្បាស់លាស់ និងដាក់ចេញគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ដែលមាន សម្តេចតេជោ ជាប្រមុខដឹកនាំ តាមរយៈការផ្តល់នូវការយកចិត្តទុកដាក់ វិនិយោគរយៈពេលវែង ដែលនឹងបន្តចាក់គ្រឹះរឹងមាំសម្រាប់អភិវឌ្ឍសមត្ថភាពកីឡាករ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ជាពិសេសចលនាគាំទ្រនៅទូទាំងប្រទេស ដែលជាចលករយ៉ាងសំខាន់មិនអាចខ្វះបាន ដោយបានផ្តល់នូវការតម្កល់ផលប្រយោជន៍ជាតិជាធំ ៕

