ឯកឧត្ដម អ៊ូច ភា ចុះជួបសំណេះសំណាល និងស្ដាប់បញ្ហាប្រឈមនានា នៅក្នុងមូលដ្ឋានឃុំចំនួន៤ ក្នុងស្រុកព្រៃកប្បាស

ភ្នំពេញ៖ ឯកឧត្ដម អ៊ូច ភា អភិបាលខេត្តតាកែច នាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣នេះ បានចុះជួបសំណេះសំណាល និងស្ដាប់បញ្ហាប្រឈមនានា នៅក្នុងមូលដ្ឋានឃុំចំនួន៤ឃុំ ក្នុងស្រុកព្រៃកប្បាស រួមមាន ឃុំព្រៃល្វា ឃុំពុងរាប ឃុំស្នោ និងឃុំចារ ជាមួយលោកមេឃុំ ប្រធាន អនុប្រធានភូមិ យុវជន ភូមិ-ឃុំ ស្មៀនឃុំ ជំនួយការហិរញ្ញវត្ថុ ប៉ុស្ដិ៍នគរបាល មណ្ឌលសុខភាព នាយកសាលា ចាស់ព្រឹទ្ធាចារ្យ សរុបចំនួន ២៤៦នាក់។
បន្ទាប់ពីបានស្ដាប់របាយការណ៍ស្វាគមន៍ និងបញ្ហាប្រឈមនានាដែលលើកឡើងដោយលោកមេឃុំព្រៃល្វា ឃុំកំពុងរាប ឃុំស្នោ និងឃុំចារ រួចមក ឯកឧត្ដម អ៊ូច ភា បានសម្ដែងការចូលរួមអបអរសាទរ និងថ្លែងការកោតសរសើរចំពោះអាជ្ញាធរមូលដ្ឋាន គ្រប់លំដាប់ថ្នាក់ ដែលបាន ខិតខំយកអស់កម្លាំងកាយចិត្ត ពេលវេលា ថវិកា ផ្ទាល់ខ្លួន បម្រើបងប្អូនប្រជាពលរដ្ឋ ដោយមិនខ្លាចហត់នឿយ។
ជាមួយគ្នានេះឯកឧត្ដម អ៊ូច ភា បានធ្វើការណែនាំ ក៏ដូចជាក្រើនរំលឹកទៅដល់មន្រ្តីមូលដ្ឋានភូមិឃុំ ដូចជា៖
– ត្រូវបន្តយកចិត្តទុកដាក់លើការបម្រើ ពង្រឹងសេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង លឿន ឆាប់រហ័ស និងមានទំនួលខុសត្រូវខ្ពស់ ។
-ពង្រឹងការងារសន្តិសុខសណ្តាប់ធ្នាប់នៅក្នុងមូលដ្ឋានភូមិឃុំរបស់ខ្លួនឱ្យបានល្អក្លាយជាភូមិឃុំមានសុវត្ថិភាព។
– យកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះការយកចិត្តទុកដាក់ការព្យាបាលសុខភាពរបស់បងប្អូនប្រជាពលរដ្ឋ និងត្រូវមានក្រមសីលធម៌ វិជ្ជាជីវៈខ្ពស់ និងមានអកប្បកិរិយាល្អចំពោះអ្នកជំងឺផងដែរ ។
– ឪពុកម្តាយឬអាណាព្យាបាល លោកគ្រូ អ្នកគ្រូ ត្រូវធ្វើការអប់រំទូន្មានកូនសិស្ស កូនរបស់ខ្លួន ធ្វើយ៉ាងណាឱ្យពួកគាត់ក្លាយទៅជាកូនល្អ សិស្សល្អ និងមិត្តល្អ ត្រូវខិតខំប្រឹងប្រែងរៀនសូត្រ ក្លាយជាធនធានមនុស្សសម្រាប់បន្តវេណនាថ្ងៃអនាគត់ ។
