ឯកឧត្ដម ហ៊ុន ម៉ាណែត៖ សម្តេចតេជោ ពិតជាអគ្គមគ្គុទ្ទេសក៍ដ៏ឆ្នើម ប៉ិនប្រសប់ និងឈ្លាសវៃ ដែលបានដឹកនាំប្រទេសប្រកបដោយគតិបណ្ឌិត និងភាពជាមេដឹកនាំទទួលខុសត្រូវខ្ពស់

ភ្នំពេញ៖ បេក្ខភាពនាយករដ្ឋមន្ត្រីកម្ពុជានាពេលអនាគតឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ពិតជាអគ្គមគ្គុទ្ទេសក៍ដ៏ឆ្នើម ប៉ិនប្រសប់ និងឈ្លាសវៃ ដែលបានដឹកនាំប្រទេសប្រកបដោយគតិបណ្ឌិត និងភាពជាមេដឹកនាំទទួលខុសត្រូវខ្ពស់លើជោគវាសនាជាតិ និងប្រជាជន ដោយបានធ្វើឱ្យកម្ពុជា មានសុខសន្តិភាពពេញលេញ ស្ថិរភាពសង្គម និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។
ឯកឧត្ដមបណ្ឌិតមានប្រសាសន៍បែបនេះក្នុងពេលអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងពិធីបញ្ចុះខណ្ឌសីមា និងសម្ពោធសមិទ្ធផលនានា ក្នុងវត្តបទុមវង្សា ហៅវត្តកំពង់ភ្នំក្រៅ ស្ថិតក្នុងភូមិក្បាលជ្រោយ ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាលនាថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣។
ជាមួយគ្នានោះ ឯកឧត្ដមបណ្ឌិតក៏បានចូលរួមសម្តែងនូវការអបអរសាទរគោរពជូន សម្តេចតេជោ នាយករដ្ឋមន្ត្រី ក្នុងឱកាសដែល សម្តេចតេជោ ត្រូវបានប្រគល់គោរមងារកិត្តិយស «ពុទ្ធមាមកាភិបាល» នៃអង្គការពុទ្ធសាសនិកពិភពលោក និង «បណ្ឌិតកិត្តិយស ផ្នែកមនុស្សសាស្ត្រ» នៃសាកលវិទ្យាល័យជាតិណេហ្គារីប៉ាដាង នៃសាធារណរដ្ឋឥណ្ឌូនេស៊ី៕
