សម្តេចតេជោ៖ ជាតិ និងប្រជាជន ទទួលប្រយោជន៍ ក្នុងនយោបាយកំណែទម្រង់ ពីថ្នាក់ជាតិទៅថ្នាក់ក្រោមជាតិ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ជាតិ និងប្រជាជនកម្ពុជា បានទទួលផលប្រយោជន៍ ក្នុងនយោបាយកំណែទម្រង់របស់រាជរដ្ឋាភិបាល ពីថ្នាក់ជាតិ ទៅកាន់ថ្នាក់ក្រោមជាតិ។
ក្នុងឱកាសអញ្ជើញបិទ និងបើកវគ្គបណ្តុះបណ្តាលមន្ត្រីរាជការនៅសាលាភូមិន្ទរដ្ឋបាល នាថ្ងៃទី២៧ ខែមេសា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «យើងបានទទួលផលជាបណ្តើរៗហើយ ផ្តើមចេញពីការកែទម្រង់មុខងារសាធារណៈ ការកែទម្រង់រដ្ឋបាលសាធារណៈ និងការកែទម្រង់ទាក់ទងនឹងវិមជ្ឈិកា និងវិសហមជ្ឈិកា»។
សម្តេចតេជោ ហ៊ុន សែន បានលើកឧទាហរណ៍អំពីជោគជ័យនៃកំណែទម្រង់នេះ គឺតាមរយៈការដោះស្រាយជំងឺកូវីដ១៩ នាពេលកន្លងទៅ និងការដោះស្រាយបញ្ហាគ្រោះមហន្តរាយដោយធម្មជាតិផ្សេងៗ។ សម្តេចថា «ទោះបីជាមិនស្មើគ្នា ក៏ប៉ុន្តែអាចនិយាយបានថា មូលដ្ឋានបានទទួលផល ជាតិទាំងមូលបានទទួលផល តាមរយៈការផ្ទេរអំណាចពីថ្នាក់ជាតិ ទៅមូលដ្ឋាន» ៕
