សម្តេចតេជោ ហ៊ុន សែន៖ ជនណាក៏ដោយ ដែលក្បត់ជាតិ ឬបំផ្លាញសន្តិភាព មិនត្រូវទទួលបានការអត់ឱនឡើយ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានព្រមានថា ជនណាក៏ដោយ ដែលក្បត់ជាតិ ឬក៏បំផ្លាញសន្តិភាព មិនត្រូវទទួលបានការអត់ឱន ហើយមិនឲ្យចូលរួម ក្នុងដំណើរការប្រជាធិបតេយ្យ ។
ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ នាថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣ ជាមួយនឹងថ្លែងសារខាងលើ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ជនណាក៏ដោយ ដែលក្បត់ជាតិ ឬក៏បំផ្លាញសន្តិភាព មិនត្រូវទទួលបានការអត់ឱនហើយចូលរួមក្នុងដំណើរការប្រជាធិបតេយ្យ ព្រោះអ្នកឯងចង់បានអំណាចដោយមិនប្រជាធិបតេយ្យ ដូច្នេះខ្ញុំក៏មិនត្រូវអត់ឱនឲ្យអ្នកឯងដែរ ក្នុងពេលខ្ញុំកាន់អំណាច»។
សម្តេចតេជោ ចោទសួរទៅបរទេសទាំងឡាយថា ជ្រើសយកកម្ពុជាទាំងមូល ឬជ្រើសយកមនុស្សមួយក្រុមដែលធ្វើការខុសច្បាប់។ សម្តេចតេជោ បានប្រកាសគាំទ្រសម្តីនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា ដែលហាមមិនឱ្យមហាអំណាចលូកដៃចូលកិច្ចការប្រទេសអាស៊ាន ហើយសម្តេចតេជោ បានចាត់ទុកលោក អាន់វ៉ា ជាដៃគូដ៏ល្អមួយ។
សម្តេចតេជោ ដែលជាប្រធានគណបក្សប្រជាជនកម្ពុជា ក៏បានថ្លែងដែរថា ដរាបណាគណបក្សប្រជាជនកម្ពុជា នៅដឹកនាំប្រទេស គឺនឹងបន្តធានាបានសុខសន្តិភាព និងការអភិវឌ្ឍ។
សម្តេចតេជោ ថែមទាំងបានលើកឡើងពីប្រទេសអាល្លឺម៉ង់ ដែលមានសន្តិភាពតាំងពីក្រោយសង្គ្រាមលោកលើកទី២ មកដល់ពេលនេះហើយ ត្រូវចាប់មនុស្សអំពីការប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាល។ សម្តេចតេជោ បញ្ជាក់ថា រឿងសន្តិភាពនេះត្រូវការពារ ដោយមិនចាំបាច់ទាល់តែបាត់ ទើបស្វែងរកវានោះទេ ៕
