សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញទៅចូលរួមកិច្ចប្រជុំនៅឡាវ និងឥណ្ឌូណេស៊ី

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងប្រកាសថា នៅថ្ងៃទី០៤ ខែមេសា សម្តេចនឹងអញ្ជើញទៅកាន់ទីក្រុងវៀងច័ន្ទ ប្រទេសឡាវ ដើម្បីចូលរួមកិច្ចប្រជុំកំពូលគណៈកម្មាធិការអន្តរជាតិទន្លេមេគង្គ និងនៅខែឧសភាខាងមុខ នឹងអញ្ជើញទៅកាន់ទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន។
ក្នុងឱកាសអញ្ជើញប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រជូនសិក្ខាកាម និងនិស្សិតវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រជាង ៦ពាន់នាក់ នាថ្ងៃទី៣០ ខែមីនា សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូចនេះថា «នៅថ្ងៃទី០៤ ខែមេសា ត្រូវហោះទៅវៀងច័ន្ទ ដើម្បីចូលរួមប្រជុំកំពូលគណៈកម្មាធិអន្តរជាតិទន្លេមេគង្គ, ថ្ងៃទី៥ ត្រឡប់មកវិញហើយមានកម្មវិធីជាបន្តបន្ទាប់រហូតដល់អង្គរសង្ក្រាន្ត វាបន្តរហូតដល់ស៊ីហ្គេម ឱ្យភ្លើងស៊ីហ្គេមនេះទីនេះ ហើយបន្ទាប់ទៅត្រូវហោះទៅប្រទេសយ៉ាកាតា ប្រទេសឥណ្ឌូណេស៊ី ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន រួចមកពេលមកដល់ក្នុងប្រទេសវិញ គឺមានកម្មវិធីក្នុងស្រុកជាប់ជាបន្តបន្ទាប់ទៀត»។
ពាក់ព័ន្ធនឹងភាពរវល់ការងារដ៏ច្រើននេះ សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកដែរថា កន្លងមកនៅពេលដែលសម្តេចបានចេញទៅក្រៅប្រទេសម្តងៗ មាននាយករដ្ឋមន្ត្រី ឫប្រធានាធិបតីនៅប្រទេសក្រៅ តែងតែបានលើកឡើងថា សម្តេចគឺមានភាពកម្មវិធីមមាញឹមច្រើន ហើយជាការឆ្លើយតប សម្តេចបានបញ្ជាក់វិញថា កម្មវិធីរបស់សម្តេចនៅក្នុងស្រុកគឺមានច្រើន និងរវល់ច្រើនជាងមកក្រៅប្រទេសថែមទៀត។
សម្តេចតេជោ ហ៊ុន សែន បានបន្ថែមទៀតថា ភាពរវល់របស់សម្តេចនៅក្នុងស្រុក គឺសុទ្ធតែជារឿងដែលត្រូវដោះស្រាយបន្ទាប់ នឹងមិនទុកឱ្យឯកសារមានការកកស្ទះនោះឡើយ ព្រោះបើឯកសារកកស្ទះនៅនាយករដ្ឋមន្ត្រីហើយ នៅផ្នែកខាងក្រោមនឹងមិនអាចដោះស្រាយចេញបាននោះឡើយ។ សម្តេចបានគូសបញ្ជាក់ដែរថា សម្តេចមានរបៀបធ្វើការមួយ គឺមិនជំពាក់បំណុលការងារនោះឡើយ៕
