អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ រៀបចំពិធីអបអរសាទរ ទិវាអន្តរជាតិ ៨មីនា ខួបលើកទី១១២

ភ្នំពេញ៖ អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃចន្ទ ១៥កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣ បានរៀបចំពិធីអបអរសាទរ ទិវាអន្តរជាតិ ៨មីនា ខួបលើកទី១១២ ឆ្នាំ២០២៣ ក្រោមប្រធានបទ “ស្រ្តីរួមគ្នា រក្សាសុវត្តិភាព ដើម្បីកិច្ចអភិវឌ្ឍក្នុងយុគសម័យឌីជីថល” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ងួន ស្រេង អគ្គនាយក នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង និងលោកជំទាវ ដែលមានសមាសភាពចូលរួមពីឯកឧត្តម លោកជំទាវ អគ្គនាយករង ប្រធាននាយកដ្ឋានទាំងបួន ចំណុះអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង និងមន្ត្រីរាជការជាស្រ្តី នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង។
ជាកិច្ចចាប់ផ្តើម ឯកឧត្តម អគ្គនាយក បានកោតសរសើរ និងសូមគាំទ្រនូវការលើកយកប្រធានបទ“ស្រ្តីរួមគ្នា រក្សាសុវត្តិភាព ដើម្បីកិច្ចអភិវឌ្ឍក្នុងយុគសម័យឌីជីថល” សម្រាប់ប្រារព្ធទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៣ គឺពិតជាមានសារៈសំខាន់ ដែលជាប្រធានបទឆ្លើយតបនឹងបរិបទបច្ចុប្បន្ន ក្នុងគោលបំណងបន្តលើកកម្ពស់តម្លៃរបស់ប្អូនក្មួយៗជាស្រ្តី ក្នុងការចូលរួមថែរក្សាសុខសន្តិភាព ក៏ដូចជាកំពុងចូលរួមយ៉ាងសកម្ម ក្នុងការពន្លឿនការអភិវឌ្ឃនានាលើគ្រប់វិស័យ ក្នុងយុគសម័យឌីជីថលនេះ។
ជាកិច្ចបន្ត ឯកឧត្តម មានប្រសាសន៍បន្តទៀតថា បច្ចុប្បន្នសិទ្ធិនិងតួនាទីរបស់ស្រ្តី ត្រូវបានយកចិត្តទុកដាក់លើកកម្ពស់ពីសំណាក់ថ្នាក់ដឹកនាំ ជាក់ស្តែងបច្ចុប្បន្នស្រ្តីជាច្រើន ត្រូវបានតែងតាំងក្នុងមុខតំណែងសំខាន់ៗក្នុងមុខងារសាធារណៈនយោបាយ ដែលជាមុខតំណែងនៃការដឹកនាំ និងសម្រេចចិត្តតាមបណ្តាក្រសួង ស្ថាប័ន រាជធានីខេត្ត មន្ទីរនិងវិស័យនានា ទាំងនេះសបញ្ជាក់ឱ្យឃើញថា ស្រ្តីត្រូវបានផ្តល់សិទ្ធិនិងឱកាសពេញលេញលើគ្រប់វិស័យ។
ក្នុងឱកាសនោះផងដែរ ឯកឧត្តម អគ្គនាយក និងលោកជំទាវ បានឧបត្ថម្ភថវិការជូនដល់មន្រ្តីរាជការដែលជាស្រ្តី នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ចំនួនសរុប ៦១នាក់ ក្នុងម្នាក់ៗទទួលបានចំនួន១០០,០០០រៀល និងរៀបចំអាហារសាមគ្គី នៅភោជនីយដ្ឋាន ទន្លេបាសាក់ ជូនដល់សមាជិក សមាជិកាក្នុងកម្មវិធីទាំងអស់ផងដែរ។
ជាកិច្ចបញ្ចប់ ឯកឧត្តម សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ និងមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែងក្នុងពិធីនេះ និងសូមជូនពរដល់ថ្នាក់ដឹកនាំ ព្រមទាំងមន្រ្តីរាជការជាស្រ្តី ជួបតែពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕
