ទៅបង់ត្រីឃើញមេឃភ្លៀងផ្គររន្ទះរៀបនឹងត្រឡប់មកផ្ទះវិញតែអកុសលត្រូវរន្ទះបាញ់ស្លាប់នៅវាលស្រែ

បន្ទាយមានជ័យ៖ អ្នកបង់ត្រីម្នាក់បានស្លាប់ដោយរន្ទះបាញ់ ខណៈពេលមេឃភ្លៀងលាយឡំនិងផ្គររន្ទះ។ហេតុការណ៍ហេតុការណ៍ដ៏សែនរន្ធត់នេះបានកើតឡើងនៅថ្ងៃទី ២៨ ខែមិថុនាឆ្នាំ ២០២៦ វេលាម៉ោង ៥និង៤០នាទីល្ងាច នៅចំណុចវាលស្រែខាងលិចភូមិសំរោង ឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។
លោកអធិការនគរបាលស្រុកភ្នំស្រុក លោកវរៈសេនីយ៍ឯក ប៉ិក គឹមហ៊ាក បានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ស៊ួន នួន អាយុ ៤១ ឆ្នាំ នៅភូមិសំរោង ឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមាជ័យ។
លោកអធិការបញ្ជាក់ទៀតថានៅមុនពេលកើតហេតុជនរងគ្រោះបានទៅបង់ត្រីនៅចំណុចវាលស្រែខាងលិចភូមិសំរោងចម្ងាយប្រហែល ១៥០ ម៉ែត្រ ស្ថិតក្នុងឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមាជ័យ។ ពេលនោះមេឃមានភ្លៀងធ្លាក់លាយឡំជាមួយនឹងផ្គររន្ទះយ៉ាងខ្លាំង។ជនរងគ្រោះក៏នឹងរៀបចំត្រឡប់មកផ្ទះវិញក៏ត្រូវរន្ទះបាញ់ស្លាប់តែម្ដង។
សពជនរងគ្រោះត្រូវបានសាច់ញាតិនិងក្រុមគ្រួសារយកមករៀបចំធ្វើបុណ្យតាមប្រពៃណី៕

