សមត្ថកិច្ចឆ្មក់បង្ក្រាបទីតាំងម៉ាស្សា បង្កប់សេវាកម្មផ្លូវភេទមួយកន្លែងនៅក្បាលថ្នល់ ឃាត់ខ្លួនមនុស្ស៥នាក់

ភ្នំពេញ៖ កម្លាំងនគរបាលជំនាញប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃអគ្គស្នងការនគរបាលជាតិ បានឆ្មក់ចូលបង្ក្រាបទីតាំងម៉ាស្សា និងកោសជប់មួយកន្លែងយីហោ456 ដែលលួចបើកសេវាកម្មផ្លូវភេទ ឃាត់មនុស្ស៥នាក់និងដកហូតវត្ថុតាងមួយចំនួន។
ការចុះបង្ក្រាបនេះបានធ្វើឡើងកាលពីយប់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ ស្ថិតនៅក្បែរស្តុបក្បាលថ្នល់ តាមបណ្ដោយផ្លូវ២៧១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ទីតាំងខាងលើនេះត្រូវបានកម្លាំងនគរបាលជំនាញបើកស្រាវជ្រាវជាច្រើនថ្ងៃមកហើយ ទើបដឹងច្បាស់ថា មានលួចទទួលបំរើសេវាកម្មផ្លូវភេទ ក៏រាយការណ៍ទៅថ្នាក់លើសុំគោលការណ៍ដាក់កម្លាំងចុះបង្ក្រាបតែម្ដង ដោយឃាត់មនុស្សស្រី០៥នាក់ ក្នុងនោះមានមេការម្នាក់ និងដកហូតវត្ថុតាងដែលពាក់ព័ន្ធបានមួយចំនួនផងដែរ។
ក្រោយពីបញ្ចប់ប្រតិបត្តិការនេះរួច ទីតាំងខាងលើត្រូវបានបិទជាបណ្ដោះអាសន្ន រីឯមនុស្សស្រីចំនួន៥នាក់ រួមនិងវត្ថុតាង ត្រូវបានកម្លាំងនគរបាលជំនាញដឹកបញ្ចូនទៅកាន់ការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃអគ្គស្នងការនគរបាលជាតិ ដើម្បីរង់ចាំអនុវត្តបន្តតាមនីតិវិធី៕
