សង្ស័យបែកថ្នាំ បុរសម្នាក់ដុតផ្ទះខ្លួនឯងចោល ទុកឲ្យប្រពន្ធ និងកូនគ្មានទីជំរក

ភ្នំពេញ៖ បុរសម្នាក់បានធ្វើសកម្មភាពដុតផ្ទះខ្លួនឯងចោលត្រូវបាននគរបាលស្រុកភ្នំស្រុកចាប់ឃាត់ខ្លួន ទុកឲ្យប្រពន្ធកូនគ្មានទីជំរកស្នាក់នៅ ។ ករណីនេះបានកើតឡើងតនៅវេលាម៉ោង ៥និង៥នាទីល្ងាចថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ នៅភូមិស្លែង ឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ទោ ប៉ិក គឹមហ៊ាក អធិការនគរបាលស្រុកភ្នំស្រុក បានឲ្យដឹងថា៖បុរសដែលសង្ស័យបែកថ្នាំឈ្មោះ សុ ឡាន់ (ហៅ ដេត) អាយុ៣៣ឆ្នាំ នៅភូមិស្លែង ឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។ ជននេះបានធ្វើសកម្មភាពដុតផ្ទះខ្លួនឯង ធ្វើអំពីឈើ០២ខ្នង ប្រកស័ង្កសី ជញ្ជាងក្តារ ដែលមានទំហំទំហំ ៧មx៩ម បណ្តាលឲ្យឆេះទាំងស្រុង រួមទាំងសម្ភារៈ នៅក្នុងផ្ទះឆេះខ្ទេចខ្ទីគ្មានសល់ ។
លោកអធិការបានបញ្ជាក់ថា៖ក្រោយពីទទួលបានព័ត៌មានពីអគ្គីភ័យនេះ លោកបានដឹកនាំកម្លាំងនិងរថយន្តពន្លត់អគ្គីភ័យ០១គ្រឿង ចុះទៅដល់កន្លែងកើតហេតុ ដើម្បីជួយអន្តរាគមន៍ពន្លត់ តែដោយសារផ្លូវតូចចង្អៀតរថយន្តមិនអាចចូលទៅមិនដល់ មួយវិញទៀតផ្ទះឆេះគឺនៅដាច់ស្រយាលពីអ្នកភូមិ។
ជនបង្ក ក្រោយពីដុតផ្ទះខ្លួនបណ្តាលឲ្យឆេះសន្ធរសន្ធៅនោះ បាននាំកូនប្រុសទាំង០២នាក់រត់គេចខ្លួនចូលក្នុងព្រៃ ជាមួយតែត្រូវបានម្លាំងនគរបាលស្រាវជ្រាវនិងឃាត់ខ្លួនបាន នៅវេលាម៉ោង១១យប់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ យកមកធ្វើការសួរនាំ និងធ្វើតេស្តរកសារធាតុញៀនឃើញថាវិជ្ជមាន ។
បច្ចុប្បន្នកំកម្លាំងជំនាញកំពុងរៀបចំសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត ចាត់ការបន្តតាមនិតិវិធី ៕
