ឯកឧត្ដម ហ៊ុន ម៉ាណែត៖ ជាង ៤០ឆ្នាំមកនេះ អ្នកស្នេហាជាតិជាថ្នាក់ដឹកនាំ និងសមាជិកមហាគ្រួសារបក្សប្រជាជន បានចូលរួមក្នុងបុព្វហេតុជាតិជាច្រើន ទៅតាមដំណាក់កាលនៃប្រវត្តិសាស្ត្រ

ភ្នំពេញ៖ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្ស ប្រជាជនកម្ពុជាថ្នាក់កណ្តាល បានលើឡើងថា ក្នុងរយៈកាលជាង ៤០ឆ្នាំ កន្លងមកនេះ អ្នកស្នេហាជាតិជាថ្នាក់ដឹកនាំ និងសមាជិក-សមាជិកានៃមហាគ្រួសារមួយនេះ បានចូលរួមនៅក្នុងបុព្វហេតុជាតិជាច្រើន ទៅតាមដំណាក់កាលនៃប្រវត្តិសាស្ត្រ ជាអាទិ៍៖ ការរំដោះប្រជាពលរដ្ឋចេញពីការ កាប់សម្លាប់ក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត, ការសម្រេចបាននូវសុខសន្តិភាពពេញលេញ ជូនជាតិតាមរយៈនយោបាយឈ្នះ-ឈ្នះ និងជោគជ័យដ៏ត្រចះត្រចង់ក្នុងការការពារ និងសង្គ្រោះជីវិតប្រជាពលរដ្ឋរាប់លាននាក់ ឱ្យរួចផុតពីជ្រោះមរណៈនៃជំងឺកូវីដ-១៩។
ក្នុងពិធីប្រកាសទទួលស្គាល់ និងបញ្ចូលសមាសភាពសាស្ត្រាចារ្យ បុគ្គលិកអប់រំ និងនិស្សិត ចំនួនជិត ៣ ពាន់នាក់ ជាសមាជិកយុវជនគណបក្សប្រជាជនកម្ពុជា នាថ្ងៃទី១៩ ខែកុម្ភៈ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានចូលរួមអបអរសប្បាយរីករាយជាមួយនឹងសាស្ត្រាចារ្យ បុគ្គលិកអប់រំ និងនិស្សិតទាំងអស់ ចំពោះការសម្រេចចិត្តចូលមករួមរស់ក្នុងជីវភាពនយោបាយជាមួយនឹងមហាគ្រួសារដ៏កក់ក្តៅនៃគណបក្សប្រជាជនកម្ពុជា ដែលជាគ្រួសារដ៏ធំជាងគេ និងដែលសម្រេចបាននូវស្នាដៃ ព្រមទាំងគុណបំណាច់យ៉ាងធំធេងជាច្រើននៅក្នុងបុព្វហេតុបម្រើជាតិ និងការពារប្រជាជនដោយស្មោះត្រង់ និងដោយគ្មានរើសអើង ៕

