អភិបាលខេត្តព្រះសីហនុ៖ បច្ចុប្បន្នខេត្តព្រះសីហនុ កំពុងមានស្ថិរភាពល្អ ពុំមានបទល្មើសចាប់ជំរិតកើតឡើងទៀតនោះទេ

ភ្នំពេញ៖ អភិបាលខេត្តព្រះសីហនុ ឯកឧត្តម គួច ចំរើន បានថ្លែងឱ្យដឹងថា បច្ចុប្បន្នស្ថានភាពសន្តិសុខ នៅក្នុង ខេត្តមួយ នេះកំពុង មានស្ថិរភាពល្អ ពុំមានករណីបទល្មើសចាប់ជំរិតកើតឡើងទៀតនោះទេ ប៉ុន្តែយ៉ាងណាអាជ្ញាធរខេត្ត នៅ តែបន្តខិតខំការពារ ទប់ស្កាត់នូវករណីនេះ។
នៅក្នុងសន្និសីទសារព័ត៌មានស្តីពី ជោគជ័យសម្រេចបានរយៈពេល ៥ឆ្នាំ របស់ខេត្តព្រះសីហនុ នាថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន មានប្រសាសន៍ថា កាលពីមុនផ្ទុះឡើងនៃជំងឺកូវីដ-១៩ គឺមានសន្ទុះការហូរចូល នៃបរទេស ច្រើន ពិសេសជនជាតិចិន ដែលការចូលមកនេះ មានទាំងអ្នកល្អ និងមិនសូវល្អ ហើយក៏មាន ករណី បទល្មើសកើតឡើងច្រើន ។
ឯកឧត្តម បន្តថា យ៉ាងណា បញ្ហាបទល្មើសបានស្ងប់ស្ងាត់ទៅវិញច្រើន នៅពេលនៃការផ្ទុះឡើងជំងឺកូវីដ-១៩ ពិសេស ពេលបិទខ្ទប់ រហូតមកដល់ពេលបច្ចុប្បន្ន ពុំមានករណីបទល្មើសចាប់ជំរិតទៀតនោះទេ តែអាជ្ញាធរខេត្ត នៅតែមានការព្រួយបាម្ភ និងត្រៀមទប់ស្កាត់ជានិច្ច ។
អភិបាលខេត្តព្រះសីហនុ ក៏បានបង្ហាញពីការលំបាកផងដែរ ទៅលើការបង្ក្រាបបទល្មើស ក្នុងនោះបញ្ហាការ ខ្វះខាតសមត្ថកិច្ច ចេះភាសារបរទេស និងបញ្ហាបទល្មើសបែបបច្ចេកវិទ្យាទំនើប៕
