បណ្ឌិត ហ៊ុន ម៉ាណែត សង្ឃឹមថាសហព័ន្ធសេវាអប់រំនៅកម្ពុជា នឹងបន្តអនុវត្តបេសកកម្មរបស់ខ្លួន ក្រោមកិច្ចសហការជិតស្និទ្ធជាមួយរាជរដ្ឋាភិបាល

ភ្នំពេញ៖ ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត បានសម្ដែងនូវក្ដីសង្ឃឹមថា សហព័ន្ធនឹងបន្តអនុវត្តបេសកកម្មដ៏ថ្លៃថ្លារបស់ខ្លួន ក្រោមកិច្ចសហប្រតិបត្តិការជិតស្និទ្ធ ជាមួយនឹងរាជរដ្ឋាភិបាល ជាពិសេសក្រសួងអប់រំ ក្រសួងការងារ ព្រមទាំងក្រសួង-ស្ថាប័នពាក់ព័ន្ធនានាជាបន្តបន្ទាប់ទៀត ។
ក្នុងពិធីប្រកាសសមាសភាព ក្រុមប្រឹក្សាភិបាលអាណត្តិថ្មី និងប្រគល់បណ្ណសរសើរគ្រូឆ្នើមប្រចាំឆ្នាំ២០២២ ដល់លោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំ នៃសហព័ន្ធសេវាអប់រំនៅកម្ពុជា នាថ្ងៃទី១២ ខែកុម្ភៈ ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត បានចូលរួមអបអរសាទរជាមួយ ថ្នាក់ដឹកនាំទាំងអស់នៃ សហព័ន្ធសេវាអប់រំនៅកម្ពុជា ដែលបានរួមគ្នាសម្រេចនូវសមិទ្ធផលជាច្រើន ចាប់តាំងពីការបង្កើតឡើងក្នុងឆ្នាំ២០២០ ជាពិសេសការបន្តផ្តល់ការគាំទ្រ យ៉ាងសកម្មដល់សមាជិករបស់ខ្លួន ក៏ដូចជាការចូលរួមអនុវត្តគោលនយោបាយ វិស័យអប់រំនានារបស់រាជរដ្ឋាភិបាល ។
ទន្ទឹមនឹងនេះ ឯកឧត្ដមបណ្ឌិត ក៏បានអបអរសាទរនូវការប្រកាសសមាសភាពក្រុមប្រឹក្សាភិបាលអាណត្តិថ្មី នៃសហព័ន្ធសេវាអប់រំនៅកម្ពុជា ដែលជាតឹកតាងដ៏ត្រឹមត្រូវនៃការលូតលាស់ និងការរួបរួមគ្នាក្នុងធ្លុងសាមគ្គីជាកម្លាំងចលករតែមួយនៃវិស័យឯកជននៅក្នុងសេវាអប់រំរបស់កម្ពុជា ហើយសង្ឃឹមថា សហព័ន្ធនឹងបន្តអនុវត្តបេសកកម្មដ៏ថ្លៃថ្លារបស់ខ្លួន ក្រោមកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយនឹងរាជរដ្ឋាភិបាល ជាពិសេសក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងក្រសួង-ស្ថាប័នពាក់ព័ន្ធនានាជាបន្តបន្ទាប់ទៀត។
ជាមួយគ្នានេះដែរ ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត បានចូលរួមអបអរសាទរដល់លោកគ្រូ អ្នកគ្រូឆ្នើម ដែលបានបម្រើយ៉ាងសកម្មនៅក្នុងកិច្ចការអប់រំ និងបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា ប្រកបដោយក្តីស្រលាញ់ ការទទួលខុសត្រូវខ្ពស់ និងមនសិការវិជ្ជាជីវៈខ្ពស់ នៅក្នុងឆ្នាំសិក្សា ២០២១-២០២២ នេះ ៕
