តំណាងរាស្ត្រមណ្ឌលពោធិ៍សាត់ ចុះជួបសំណេះសំណាល និងនាំយកអំណោយផ្តល់ជូនប្រជាពលរដ្ឋងាយរងគ្រោះចំនួន ៦០០ គ្រួសារ

ភ្នំពេញ៖ ឯកឧត្តម រ៉ូហ្វី អូស្មាន តំណាងរាស្ត្រមណ្ឌលពោធិ៍សាត់ និងជាប្រធានក្រុមលេខាធិការដ្ឋាន គណៈចលនាសាសនិកឥស្លាមរបស់គណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ ២០២៣ បានអញ្ជើញចុះជួបសំណេះសំណាល និងនាំយកអំណោយជូនប្រជាពលរដ្ឋងាយរងគ្រោះចំនួន ៣០០គ្រួសារ មកពីក្រុងពោធិ៍សាត់ និងស្រុកកណ្តៀង។
កម្មវិធីនេះប្រារព្ធធ្វើឡើង នៅក្នុងបរិវេណសាលាស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ដោយមានការអញ្ជើញចូលរួម ជាគណៈអធិបតី រួមមាន ឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សារាជរដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋានផងដែរ។
ក្នុងពិធីសំណេះសំណាលនេះ ឯកឧត្តម បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្តម អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈចលនាសាសនិកឥស្លាមរបស់គណបក្សប្រជាជនកម្ពុជា។
ជាមួយគ្នានេះផងដែរ ឯកឧត្តម ក៏បានលើកឡើង ពីសមិទ្ធិផល និងគោលនយោបាយសុខដុមនីយកម្មជាតិសាសន៍ និងសាសនា របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ជាពិសេសបានជំរុញឱ្យបងប្អូនប្រជាពលរដ្ឋ ដែលមានឈ្មោះបោះឆ្នោត អញ្ជើញទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឱ្យបានគ្រប់ៗគ្នា។
នៅរសៀលថ្ងៃដដែល ឯកឧត្តម រ៉ូហ្វី អូស្មាន ក៏បានបន្តដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ និងផ្តល់អំណោយជូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ស្ថិតនៅភូមិក្រសះថ្មី ឃុំឈូកស ស្រុកកំពង់ត្រាច ខេត្តកំពង់ឆ្នាំង ចំនួន ៣០០ គ្រួសារ ផងដែរ។
សូមជម្រាបជូនថា អំណោយខាងលើ គឺទទួលបានការឧបត្ថម្ភពីអង្គការ រ៉ាប៊ីតា ( RABITA ) នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអ៊ូឌីត តាមរយៈអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា៕
