រដ្ឋមន្ត្រីសាធារណការ៖ បច្ចុប្បន្ន មានរថយន្ដហួសសុពលភាព ត្រួតពិនិត្យលក្ខណៈបច្ចេកទេស (ឆៀក) ១៧ម៉ឺនគ្រឿង

ភ្នំពេញ៖ ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងថា បច្ចុប្បន្ននេះមានរថយន្ដហួសសុពលភាព ត្រួតពិនិត្យលក្ខណៈបច្ចេកទេស (ឆៀក) ចំនួន ១៧ម៉ឺនគ្រឿង ។
ក្នុងងពិធីបូកសរុបលទ្ធផលការងារ សុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ ក្រោមអធិបតីភាព សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ស.ច.គ នាថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល អនុប្រធានអចិ៍ន្ដ្រៃយ៍ គ.ស.ច.គ បានសំណូមពរដល់អាជ្ញាធរដែនដី ត្រូវធ្វើការចុះត្រួតពិនិត្យយានដ្ឋាន ជួសជុលរថយន្ដខុសច្បាប់ ដើម្បីធ្វើយ៉ាងណាឱ្យយានដ្ឋាន ទាំងនោះមានច្បាប់ត្រឹមត្រូវ និងមានស្ដង់ដារ។
ជាមួយគ្នានោះដែរពាក់ព័ន្ធនឹងរថយន្តហួសសុពលភាពឆៀក ឯកឧត្តមរដ្ឋមន្ត្រី បានអំពាវនាវដល់ម្ចាស់រថយន្ដ ត្រូវយករថយន្តរបស់ខ្លួន មកធ្វើការត្រួតពិនិត្យ(ឆៀក )ឱ្យបានត្រឹមត្រូវ ដើម្បីជៀសវាងការផាកពិន័យ ៕
