ឯកឧត្ដម សាយ សំអាល់ អញ្ជើញដឹកនាំកិច្ចប្រជុំ បូកសរុបការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់កម្មវិធីកិត្តិសព្ទកម្ពុជា

ភ្នំពេញ៖ ឯកឧត្ដម សាយ សំអាល់ អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជានិងជាប្រធានស.ស.យ.ក. រាជធានីភ្នំពេញ នាថ្ងៃទី១៩ ខែមករា គ.ស.២០២៣ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំ២០២២និងលើកទិសដៅការងារឆ្នាំ២០២៣ របស់កម្មវិធីកិត្តិសព្ទកម្ពុជា នៅអគារខេមរានី រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម ឃុត ចាន់ដារ៉ា អនុប្រធានប្រចាំការស.ស.យ.ក.រាជធានីភ្នំពេញ ឯកឧត្ដម ងួន សុភៈ នាយកកម្មវិធីកិត្តិសព្ទកម្ពុជា លោក-លោកស្រីនាយករង លោក-លោកស្រីទីប្រឹក្សា និងសមាជិក សមាជិកានៃកម្មវិធីប្រមាណជាង១០០នាក់។

ក្នុងនោះ បន្ទាប់ពីមានមតិសំណាលពីសំណាក់ ឯកឧត្ដម សាយ សំអាល់ អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជានិងជាប្រធានស.ស.យ.ក. រាជធានីភ្នំពេញ ប្រកបដោយខ្លឹមសារនិងអត្ថន័យ ពិសេសផ្តល់នូវធាតុចូលដល់កម្មវិធីដើម្បីអភិវឌ្ឍនាឆ្នាំ២០២៣ឲ្យទទួលជោគជ័យ។
ជាងនេះទៅទៀត ឯកឧត្ដម សាយ សំអាល់ អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា អមដោយ ឯកឧត្ដម ឃុត ចាន់ដារ៉ា និង ឯកឧត្ដម ងួន សុភៈ បានប្រគល់ជូននូវ «បណ្ណសរសើរ ក្នុងបុព្វហេតុមាតុភូមិ» ដល់ថ្នាក់ដឹកនាំកម្មវិធី លោកនាយករង លោកទីប្រឹក្សា និងសមាជិក សមាជិកានៃកម្មវិធី រួមមាន៖

១. សាស្ត្រាចារ្យ បណ្ឌិត ឈិន សីហា នាយករងកម្មវិធីទទួលបន្ទុកផ្នែកអក្សរសាស្ត្រខ្មែរ និងជាប្រធានដេប៉ាតឺម៉ង់អក្សរសាស្ត្រខ្មែរនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា
២. អនុបណ្ឌិត លីម អាស៊ីគីន ប្រធានផ្នែកអក្សរសាស្ត្រខ្មែរនៃកម្មវិធីកិត្តិសព្ទកម្ពុជា និងជាប្រធានក្រុមប្រឹក្សាវិទ្យាសាស្ត្រាវជ្រាវនិងកិច្ចការសង្គម
៣. សមាជិក សមាជិកានៃផ្នែកអក្សរសាស្ត្រខ្មែរ ផងដែរ។

សូមបញ្ជាក់ផងដែរថា ផ្នែកអក្សរសាស្ត្រខ្មែរ ជាផ្នែកមួយចំណុះឲ្យកម្មវិធីកិត្តិសព្ទកម្ពុជា ស.ស.យ.ក.រាជធានីភ្នំពេញ បំពេញការងាររួមមាន១. ដឹកនាំនិងគ្រប់គ្រងផ្នែករបស់កម្មវិធី ២. ដឹកនាំនិងរៀបចំផែនការសកម្មភាព ក្នុងការលើកស្ទួយអក្សរសាស្ត្រជាតិទៅកាន់ស្រទាប់មហាជន ៣. ពន្យល់និងផ្សព្វផ្សាយពាក្យខ្មែរទំនើបថ្មីៗ ដើម្បីជាប្រយោជន៍នៃការសិក្សារបស់ជនានុជន ៤. រៀបចំសទ្ទានុក្រមបច្ចេកទេសទៅដល់សាធារណជន ៥. រៀបចំបណ្តុះបណ្តាល សិក្ខាសាលា និងវេទិកាស្តីពីអក្សរសាស្ត្រខ្មែរ ភាសាខ្មែរ និងវិទ្យាសាស្ត្រអប់រំ និង៦. ទទួលអនុវត្តន៍ការងារដទៃទៀត តាមការប្រគល់ជូនពីថ្នាក់ដឹកនាំកម្មវិធី ៕

