មេបញ្ជាការកងទ័ពជើងគោក វាយតម្លៃខ្ពស់ចំពោះជោគជ័យនៃដំណើររៀបចំការប្រកួតកីឡាកងយោធពលខេមរភូមិន្ទឆ្នាំ២០២៣

ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានវាយតម្លៃខ្ពស់ចំពោះជោគជ័យនៃដំណើររៀបចំការប្រកួតកីឡាកងយោធពលខេមរភូមិន្ទឆ្នាំ២០២៣
នៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទការប្រកួតកីឡាកងយោធពលខេមរភូមិន្ទឆ្នាំ២០២៣ នៅសាលានាយទាហានសកម្ម ថ្ងៃទី៦ ខែមករា ឆ្នាំ២០២៣ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ការរៀបចំក្នុងឆ្នាំ២០២៣ នេះធ្វើឡើងបន្ទាប់ពីត្រូវបានអាក់ខានរយៈពេលពីរឆ្នាំដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩ និងវាយតម្លៃខ្ពស់ចំពោះជោគជ័យនៃដំណើររៀបចំការប្រកួតទាំងមូលទាំងលើទិដ្ឋភាពបច្ចេកទេស និងទិដ្ឋភាពនៃសមាសភាពចូលរួម ដោយក្នុងឆ្នាំនេះផ្ទាល់ មានការបញ្ជូនក្រុមកីឡាករមកចូលរួមប្រកួតចំនួនច្រើនជាងបណ្តាឆ្នាំមុនៗ រហូតដល់ប្រមាណ ២៧ ក្រុម មកពី ១៧ ស្ថាប័ន-កងឯកភាព ព្រមជាមួយនឹងចំនួនកីឡាករ-កីឡាការិនីសរុបប្រមាណ ២៧០ រូប។
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែតបញ្ជាក់ថា ជោគជ័យនេះ គឺជាការចូលរួមចំណែកមួយយ៉ាងសំខាន់ក្នុងការពង្រឹងវិស័យកីឡាក្នុងជួរកងយោធពលខេមរភូមិន្ទ និងការលើកស្ទួយការអភិវឌ្ឍវិស័យកីឡានៅកម្ពុជា ក៏ដូចជាការបង្ហាញនូវភាពរីកចម្រើនរបស់មាតុភូមិកម្ពុជានាពេលបច្ចុប្បន្នក្នុងសម័យតេជោសន្តិភាព និងអភិវឌ្ឍន៍។
ជាមួយគ្នានោះ ឧត្តមសេនីយ៍ឯក ក៏បានសម្តែងនូវការអបអរសាទរដល់ក្រុមកីទ្បាករ-កីទ្បាការិនីទាំងអស់មកពីបណ្តាកងឯកភាព និងស្ថាប័ននានាចំណុះអគ្គបញ្ជាការដ្ឋាន, បញ្ជាការដ្ឋានកងទ័ពជើងគោក និងបញ្ជាការដ្ឋានកងទ័ពជើងទឹក ព្រមទាំងក្រសួងបរិស្ថាន ដែលបានចូលរួមក្នុងពិធីប្រកួតកីទ្បាកងយោធពលខេមរភូមិន្ទឆ្នាំ២០២៣ ដើម្បីអបអរសាទរខួបលើកទី៤៤ នៃទិវាជាតិជ័យជម្នះ ៧ មករា ជាការរំឭកទៅដល់កម្លាំងរួបរួមសាមគ្គីរបស់អ្នកសេ្នហាជាតិក្នុងបុព្វហេតុប្រយុទ្ធវាយរំដោះ និងសង្គ្រោះអាយុជីវិតប្រជាជនខ្មែរឱ្យរួចផុតពីការកាប់សម្លាប់ដ៏សាហាវយង់ឃ្នងនៅក្នុងរបបវាលពិឃាតប៉ុលពត៕
