ថ្នាក់ដឹកនាំនិងនិស្សិតនៅសាលានាយទាហានសកម្ម យល់ជ្រួតជ្រាបពីទំនើបកម្មសង្គមនិយមតាមបែបផែនចិន ដែលជំរុញកិច្ចកសាងសហគមន៍រួមវាសនានៃមនុស្សជាតិ

កំពង់ស្ពឺ៖ រសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ នៅសាលានាយទាហានសកម្មមានរៀបចំកម្មវិធីបាឋកថាស្តីពីទំនើបកម្មសង្គមនិយមតាមបែបផែនចិន។
ថ្លែងបើកអង្គបាឋកថាទៅកាន់ថ្នាក់ដឹកនាំ សិក្ខាកាមយោធាចំនួន៥៥៨រូប ឯកឧត្តម ឧត្តមសេនីយ៍ឯក ប៊ុត សុភាព នាយកសាលានាយទាហានសកម្មបានរំលេចពីមោទកភាពក្នុងនាមជាប្រធានអាស៊ានប្តូរវេនរបស់កម្ពុជាដោយទទួលបាននូវសមិទ្ធផលយ៉ាងត្រចះត្រចង់ ដែលជាពិសេសកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការពារជាតិអាស៊ាន-ចិន។
បន្ថែមពីលើនេះ ឯកឧត្តម ក៏ជាអ្នកដែលបានតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះសមិទ្ធផលនៃសមាជលើកទី២០របស់បក្សកុម្មុយនិស្តចិន ហើយក៏ជាអ្នកដែលបានអានច្រើនលើកច្រើនសារនូវសៀវភៅ Xi Jinping អភិបាលកិច្ចប្រទេសចិនចាប់ពីភាគ១ដល់ភាគ៤ រួមជាមួយការបកស្រាយខ្លឹមសារគន្លឹះនៃប្រធានបទនាថ្ងៃនេះ បានផ្តល់ជូនដល់ឯកឧត្តម ក៏ដូចជាថ្នាក់ដឹកនាំនិងនិស្សិតនៃសាលានាយទាហានសកម្មបានយល់កាន់តែស៊ីជម្រៅពីទំនើបកម្មសង្គមនិយមតាមបែបផែនចិន ដែលមិនត្រឹមតែអាចនាំមកនូវផលប្រយោជន៍ដល់ប្រជាជនចិនប៉ុណ្ណោះទេ ថែមទាំងអាចផ្តល់ផលប្រយោជន៍ដល់ប្រជាជនពិភពលោកទៀតផង។
ជាបឋម គឺនាំមកផលប្រយោជន៍ដល់ការកាត់បន្ថយភាពក្រីក្ររបស់ពិភពលោក។ លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន ដែលបានទទួលជោគជ័យក្នុងការរៀបចំនូវបាឋកថាស្តីពីទំនើបកម្មសង្គមនិយមជាច្រើនលើកបានបន្តគូសរំលេចពីការធ្វើទំនើបកម្មសង្គមនិយមតាមបែបផែនចិន ដែលជាសង្គមនិយមទំនើបដែលដឹកនាំដោយបក្សកុម្មុយនីស្តចិនដែលមានលក្ខណៈពិសេសនៃការរួមបញ្ចូលនូវបទពិសោធធ្វើទំនើបកម្មនៃបណ្តាប្រទេសនានាជាមួយលក្ខណៈពិសេសផ្ទាល់ខ្លួនរបស់ចិន ដោយការអភិវឌ្ឍរបស់ប្រទេសចិនជាអ្វីដែលមនុស្សជាតិទាំងអស់គ្នាប្រាកដជាអាចទទួលបានផលប្រយោជន៍ ហើយការធ្វើទំនើបកម្មសង្គមនិយមតាមបែបផែនចិនជាការសង់ស្ពានមេត្រីភាពកាន់តែរឹងមាំក្នុងការចងស្ពានមេត្រីភាព រក្សាបាននូវមិត្តភាព សមភាព និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ដើម្បីបង្កើតនិងបង្កើនទំហំនំខេកផលប្រយោជន៍ដល់ពិភពលោក ក្នុងគោលបំណងកសាងបាននូវសហគមន៍រួមវាសនារបស់មនុស្សជាតិ។
លើសពីនេះ លោកបណ្ឌិតបានជម្រាបពីការកែសម្រួលនូវគោលនយោបាយគ្រប់គ្រងCovid-19នៅក្នុងប្រទេសចិនក្រោយរយៈពេល៣ឆ្នាំដែលប្រទេសចិនបានជោគជ័យក្នុងការគ្រប់គ្រងCovid-19 ដែលនេះនឹងផ្តល់ឱកាសកាន់តែច្រើនដល់វិស័យវិនិយោគនិងទេសចរនៅក្នុងប្រទេសកម្ពុជាជាពិសេស ហើយក៏ជាការចូលរួមពន្លឿនល្បឿននៃការពង្រឹងនិងពង្រីកខឿនសេដ្ឋកិច្ចប្រទេសកម្ពុជាថែមទៀតផង។
អង្គពិធីទាំងមូលបានយល់ស្របថាទំនើបកម្មសង្គមនិយមតាមបែបផែនចិនគឺជាការទំនើបកម្មសង្គមនិយមក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តចិន វាមិនត្រឹមតែមានលក្ខណៈទូទៅនៃទំនើបកម្មតាមបណ្តាប្រទេសប៉ុណ្ណោះទេ ប៉ុន្តែវាក៏ផ្អែកទៅលើលក្ខណៈជាតិរបស់ចិនផងដែរ។
ទំនើបកម្មនេះបានពង្រីកមាគ៌ារីកចម្រើនដល់ប្រទេសកំពុងអភិវឌ្ឍន៍ដើម្បីធ្វើទំនើបកម្ម ផ្តល់ជម្រើសថ្មីសម្រាប់ប្រទេសនិងប្រជាជាតិនានាក្នុងពិភពលោកដែលចង់ពន្លឿនការអភិវឌ្ឍ និងរក្សាឯករាជ្យភាពរបស់ពួកគេ ហើយក៏ជាការរួមចំណែកដ៏សកម្មនិងសំខាន់របស់ចិននៅក្នុងការចូលរួមដោះស្រាយបញ្ហានានារបស់មនុស្សជាតិផងដែរ៕
(ដោយ៖ វិទ្យុមិត្តភាពកម្ពុជា-ចិន)
