ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត៖ ការទទួលបានសញ្ញាបត្រក្នុងថ្ងៃនេះ ជាសមិទ្ធផលជោគជ័យដ៏ធំធេងក្នុងដំណើរជីវិត អាចយកទៅអនុវត្តទាំងនៅក្នុងការសិក្សា ជីវិតការងារ និងជីវភាពរស់នៅប្រចាំថ្ងៃ

ភ្នំពេញ៖ ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថា ការទទួលបានសញ្ញាបត្ររបស់ និស្សិតជ័យលាភីនៅសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME) ក្នុងថ្ងៃនេះ គឺជាសមិទ្ធផលជោគជ័យដ៏ធំធេងក្នុងដំណើរជីវិត និងបានបង្ហាញនូវមេរៀនគុណតម្លៃមួយចំនួន ដែលអាចយកទៅអនុវត្តទាំងនៅក្នុងការសិក្សា ជីវិតការងារ និងជីវភាពរស់នៅប្រចាំថ្ងៃ ។
ក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់ និស្សិតជ័យលាភីនៅសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME) សាខាខេត្តបាត់ដំបង នាថ្ងៃទី១២ ខែធ្នូ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ការទទួលបានសញ្ញាបត្រក្នុងថ្ងៃនេះ គឺជាសមិទ្ធផលជោគជ័យដ៏ធំធេងក្នុងដំណើរជីវិត និងបានបង្ហាញនូវមេរៀនគុណតម្លៃមួយចំនួន ដែលអាចយកទៅអនុវត្តទាំងនៅក្នុងការសិក្សា, ជីវិតការងារ និងជីវភាពរស់នៅប្រចាំថ្ងៃ រួមមានជាអាទិ៍៖
១. ជោគជ័យធំ គឺកើតចេញពីជោគជ័យតូចៗជាច្រើនរួមផ្គុំគ្នា, ២. ការខិតខំប្រឹងប្រែងព្យាយាមតស៊ូស្វាធ្យាយ គឺជាកត្តាសំខាន់នៃភាពជោគជ័យ, ៣. ការទទួលបានភាគជោគជ័យអាចប្រើពេលវេលាយូរអង្វែង ដូច្នេះទាមទារនូវការអំណត់អត់ធន់, ៤. ការកំណត់គោលដៅច្បាស់លាស់ និងបន្តដំណើរទៅមុខជាប់ជានិច្ច រហូតអាចសម្រេចបាននូវគោលដៅ ទោះបីជាត្រូវប្រឈមនឹងបញ្ហាជាច្រើននៅតាមផ្លូវក៏ដោយ ហើយដោយពេលខ្លះក៏ត្រូវទទួលរងបរាជ័យច្រើនផ្ទួនៗក៏ដោយ ៕
