ឯកឧត្ដម ម៉ម ប៊ុនហេង៖ កម្ពុជាជាប្រទេសគំរូ សម្រាប់ប្រទេសមានធនធានតូច ហើយទើបរួចផុតពីសង្រ្គាម អាចសម្រេចគោលដៅសុខភាពបានយ៉ាងលឿនបំផុត

ភ្នំពេញ៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានថ្លែងថា កម្ពុជាជាប្រទេសគំរូសម្រាប់ប្រទេសមានធនធានតិច និងប្រទេសដែលទើបជៀសផុតពីសង្រ្គាម អាចសម្រេចគោលដៅសុខភាពបានយ៉ាងឆាប់រហ័ស។
ថ្លែងដូច្នេះរបស់ឯកឧត្ដមរដ្ឋមន្ដ្រី នាឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីបើកវេទិកាថ្នាក់តំបន់លើកទី៤ របស់មជ្ឈមណ្ឌលសហប្រតិបត្តិការ នៃអង្គការសុខភាពពិភពលោក ប្រចាំតំបន់ប៉ាស៊ី.ហ្វិកខាងលិច ដែលត្រូវបានរៀបចំក្នុងទម្រងហាយប្រីដ នាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ នៅឯសណ្ឋាគារសុខាអង្គរ ខេត្តសៀមរាប ដោយមានការចូលរួមពីលោកស្រីបណ្ឌិត Corinne Capuano នាយកគ្រប់គ្រងកម្មវិធី នៃអង្គការសុខភាពពិភពលោក (WHO) ប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច។
វេទិកានេះរៀបចំឡើង ក្នុងគោលបំណងចែករំលែកមេរៀនជាបទពិសោធន៍ ក្នុងចំណោមប្រទេសជាសមាជិក របស់អង្គការសុខភាពពិភពលោកប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច ជាពិសេសលើការងារថែទាំសុខភាពបឋម និងការទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ.១៩ ដែលមានអ្នកចូលរួមមកពីប្រទេស ជាសមាជិកអង្គការសុខភាពពិភពលោក ប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច ដែលមានមជ្ឈមណ្ឌលសហប្រតិបត្តិការ សរុបជាង២០០នាក់។។
