កម្ពុជារកចំណូលបានជិត ៤០០លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ ក្នុងរយៈពេល១០ខែ

ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានកៅស៊ូ បានឲ្យដឹងថា រយៈពេល១០ខែ ឆ្នាំ២០២២ ចាប់ពីខែមករា ដល់ខែតុលា កម្ពុជារកចំណូលបានជាង ៣៩៦លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ។
របាយការណ៍បានបញ្ជាក់ថា ចំណូលសរុបគិតត្រឹមខែតុលា ឆ្នាំ២០២២ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ មានចំនួន ៣៩៦,១៤០,៦៣៤ដុល្លារ ក្នុងនោះចំណូលពីការនាំចេញជ័រកៅស៊ូចំនួន ៣៩២,៥៦៤,៥៩៧ដុល្លារ និងចំណូលពីការនាំចេញឈើកៅស៊ូចំនួន ៣,៥៧៦,០៣៧ដុល្លារ។
ចំពោះបរិមាណ នៃការនាំចេញគិតត្រឹមខែតុលា ឆ្នាំ២០២២ កម្ពុជាបាននាំចេញជ័រកៅស៊ូចំនួន ២៦៤,៩១៨តោន ថយចុះចំនួន ១,៥៥២តោន ស្មើនឹង១% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ រីឯការនាំចេញឈើកៅស៊ូវិញ សម្រេចបានចំនួន ១,៦៨៣ម៉ែត្រគូប។
សម្រាប់តម្លៃលក់ជ័រកៅស៊ូមធ្យម គិតត្រឹមខែតុលា ឆ្នាំ២០២២ ថ្លៃ ១,៤៨២ដុល្លារក្នុងមួយតោន បានថយចុះចំនួន ១៨១ដុល្លារ ក្នុងមួយតោន ស្មើនឹង១១% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២២ ផ្ទៃដីកៅស៊ូសរុបមានចំនួន ៤០៤,០៤៤ហិកតា ក្នុងនោះ ផ្ទៃដីចៀរជ័រមានចំនួន ៣១០,១៩៣ហិកតា ស្មើនឹង៧៧% និងផ្ទៃដីថែទាំមានចំនួន ៩៣,៨៥១ហិកតា ស្មើនឹង២៣%៕
