បញ្ជាការយោធភូមិភាគពិសេស អញ្ជើញសំណេះសំណាល ជាមួយយោធិនចូលនិវត្តន៍ ត្រូវផ្ទេរចេញពីក្របខ័ណ្ឌឆ្នាំ២០២២

ភ្នំពេញ៖ នៅបញ្ជាការដ្ឋានយោធភូមិភាគពិសេស នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ បានប្រារព្ធពិធីសំណេះសំណាល បំពាក់ឋានន្តរស័ក្តិ ជូនយោធិនចូលនិវត្តន៍ ដែលត្រូវផ្ទេរចេញពីក្របខ័ណ្ឌកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២២ របស់យោធភូមិភាគពិសេស ចំនួន២៥រូប ក្រោមអធិបតីភាពឧត្តមសេនីយ៍ឯក ពូ សាប៊ុតឌី មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគពិសេស ។
ឧត្ដមសេនីយ៍ឯក ពូ សាប៊ុតឌី បានពាំនាំការសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះគុណបំណាច់យ៉ាងធំធេងរបស់បង ប្អូនចូលសោធននិវត្តន៍ ត្រូវផ្ទេរចេញពីក្របខ័ណ្ឌឆ្នាំ២០២២ ដែលបានធ្វើពលិកម្មយ៉ាងច្រើនក្នុងការបំពេញភារកិច្ចកន្លងមក ចាប់ពីថ្ងៃរំដោះប្រទេសជាតិ និងទប់ស្កាត់ការវិលត្រឡប់របបប្រល័យពូជសាសន៍ ជាពិសេសបានចូលរួមយ៉ាងសកម្មជាប្រតិបត្តិករនយោបាយ ឈ្នះ-ឈ្នះ ដែលបាននាំមកនូវ សុខសន្តិភាព និងការឯកភាពជាតិពេញលេញនាពេលនេះ។
គំរូវីរភាពដ៏ល្អផូរផង់នេះនឹងបានដិតជាប់ក្នុងក្រឳបេះដូងអ្នកជំនាន់ក្រោយយ៉ាងពិតប្រាកដ។ ថ្វីត្បិត ឯកឧត្តម អស់លោក លោកស្រីបានចេញពីជួរកងយោធពលខេមរភូមិន្ទ ផ្ទេរទៅក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាក៏ដោយ ក៏ប្រមុខរាជរដ្ឋាភិបាលដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅតែបន្តយកចិត្តទុកដាក់គិតគូរជួយដោះស្រាយគ្រប់កាល:ទេស:ដល់បងប្អូនអតីតយុទ្ធជនជានិច្ច។
ឧត្តមសេនីយ៍ឯក ពូ សាប៊ុតឌី ក៏បានផ្តាំផ្ញើដល់នាយទាហាន នាយទាហានរង សូមជួយផ្តល់បទពិសោធន៍ល្អៗ ដល់យុវជនជំនាន់ក្រោយ ដើម្បីរួមចំណែកអភិវឌ្ឍន៍ប្រទេសកម្ពុជាឱ្យកាន់តែសម្បូរសប្បាយជឿនលឿនថែមទៀត។
ក្នុងឱកាសនេះ ឯកឧត្តម ក៏បានផ្តល់កិត្តិយសបំពាក់ឋានន្តរសក្តិ និងប្រគល់ថវិកា របស់សម្តេចអគ្គមហាសេនាបតីតេជោ ដែលផ្តល់ជូនតាមរយៈ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក ជូនដល់យោធិនចូលនិវត្តន៍ចំនួន២៥នាក់ ដោយក្នុងម្នាក់ៗទទួលបានថវិកាចំនួន
២០០,០០០រៀល ។
ឯកឧត្តម មេបញ្ជាការយោធភូមិភាគពិសេស ឧបត្ថម្ភជូនបន្ថែមរួមមាន៖ ថ្នាក់ឧត្តមសេនីយ៍ចំនួន២នាក់ ក្នុងម្នាក់ៗ ទទួបានថវិកា ៤០០,០០០៛ ថ្នាក់វរៈសេនីយ៍ ចំនួន ១៤នាក់ ក្នុងម្នាក់ៗ ថវិកា ៣០០,០០០៛ ថ្នាក់អនុសេនីយ៍ ចំនួន ៩នាក់ ក្នុងម្នាក់ៗ ថវិកា ២០០,០០០៛ រួមទាំងសម្ភារៈ និងគ្រឿងឧបភោគ បរិភោគទាំង ២៥នាក់ ម្នាក់ៗទទួលបានអង្ករ មី ត្រីខ ក្រម៉ា ផងដែរ ៕
