បណ្ឌិត ហ៊ុន ម៉ាណែត សរសើរសហគ្រិនកម្ពុជា ដែលចូលរួមលើកស្ទួយកេរ្តិ៍ឈ្មោះប្រទេស តាមរយៈការភ្ជាប់ទំនាក់ទំនង ជាមួយពាណិជ្ជករ និងវិនិយោគិនអន្តរជាតិ

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែង កោតសរសើរដល់សហគ្រិនកម្ពុជាទាំងអស់ ដែលបានចូលរួមលើកស្ទួយកេរ្តិ៍ឈ្មោះរបស់ប្រទេសយើង តាមរយៈការភ្ជាប់ទំនាក់ទំនងជាមួយពាណិជ្ជករ និងវិនិយោគិនអន្តរជាតិ និងការបង្ហាញអំពីចំណុចវិជ្ជមានប្រកបដោយសក្តានុពលរបស់កម្ពុជា និងការចូលរួមទាក់ទាញវិនិយោគទុនផ្ទាល់ពីបរទេស ជាពិសេសការណែនាំឱ្យមិត្តបរទេសបានស្គាល់, គោរព, និងផ្តល់តម្លៃចំពោះប្រទេសកម្ពុជា។
ក្នុងកម្មវិធីរាត្រីសមោសរ ជួបជុំម្ចាស់អាជីវកម្មកម្ពុជា CEO Award 2022 នៅសណ្ឋាគារសុខា នាថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ទាំងនេះ គឺជាការចូលចំណែកមួយដ៏សំខាន់ ក្នុងភាពជាដៃគូជាមួយរាជរដ្ឋាភិបាល នៅក្នុងបេសកកម្មនៃ ការនាំប្រទេសកម្ពុជា ទៅកាន់ពិភពលោក, ការធ្វើឱ្យពិភពលោកស្គាល់ច្បាស់ពីកម្ពុជា និងការលើកកម្ពស់សហគ្រិនភាពកម្ពុជា ដើម្បីលើកស្ទួយកិត្យានុភាពជាតិ, ធានាបាននូវភាពប្រកួតប្រជែង, រក្សាបាននូវស្ថិរភាពម៉ាក្រូ និងជំរុញកំណើនសេដ្ឋកិច្ចជាតិនៅក្នុងកម្រិតតំបន់ និងសកល ៕

