ឯកឧត្តម អៀង វ៉េងស៊ុន ដឹកនាំប្រជុំពិនិត្យពិភាក្សាលើចំណុចដែលត្រូវធ្វើឱ្យប្រសើរឡើង នូវប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិកកំពង់ផែ បន្ទាប់ពីដាក់ឱ្យដំណើរការសាកល្បងបានជាង២ខែ

ភ្នំពេញ៖ ឯកឧត្តម អៀង វ៉េងស៊ុន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២៦ ខែតុលា ឆ្នា២០២២ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីបញ្ហាប្រឈមដែលកើតមាន និងត្រូវធ្វើឱ្យប្រសើរឡើង ក្រោយការដាក់ឱ្យដំណើរការសាកល្បងប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិកកំពង់ផែ (Port EDI) ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ ទីប្រឹក្សាគម្រោង និងមន្ត្រីបច្ចេកទេសពាក់ព័ន្ធ។
កិច្ចប្រជុំនេះបានពិភាក្សាយ៉ាងផុសផុលលើបញ្ហាប្រឈមដែលកើតមានឡើង ក្រោយការដាក់ឱ្យដំណើរការសាកល្បងប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិកកំពង់ផែរយៈពេលជាងពីរខែកន្លងទៅ ក្នុងគោលបំណងកំណត់អត្តសញ្ញាណឬសគល់នៃបញ្ហា និងរិះរកមធ្យោបាយកែលម្អសំដៅជំរុញឱ្យប្រព័ន្ធមានភាពប្រសើរឡើង និងអនុវត្តប្រកបដោយប្រសិទ្ធភាពក្នុងការធ្វើទំនើបកម្មការងារដឹកជញ្ជូនតាមផ្លូវទឹក និងនាវាចរណ៍ ជាពិសេសជួយសម្រួលវិស័យឯកជនសម្រាប់ការធ្វើនាវាចរណ៍នៅកម្ពុជា កាត់បន្ថយភាព ស្មុគស្មាញ និងកាត់បន្ថយការប្រើប្រាស់ពេលវេលាយូរ ស្របតាមអនុសាសន៍ណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសាធារណការ និងដឹកជញ្ជូន។
សូមជម្រាបជូនថា៖ ប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិកកំពង់ផែ(Port EDI) ត្រូវបានដាក់ឱ្យដំណើរការសាកល្បងនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងឯកឧត្តម Mikami Massahiro ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា៕

