ឯកឧត្តម នាក់ សើគីរីន ភូចូលរួមកិច្ចប្រជុំឧត្តមមន្ត្រីច្បាប់អាស៊ានលើកទី២១ និងកិច្ចប្រជុំពាក់ព័ន្ធ ពីថ្ងៃទី១០-១៤ នៅហ្វីលីពីន

ភ្នំពេញ៖ ក្រុមការងារឧត្តមមន្ត្រីច្បាប់និងយុត្តិធម៌អាស៊ាន នៃក្រសួងយុត្តិធម៌ ដែលដឹកនាំដោយ ឯកឧត្តម នាក់ សើគីរីន អនុរដ្ឋលេខាធិការ និងជាអនុប្រធានក្រុមការងារ និងអមដោយ លោកជំទាវ ខៀវ សុផានី អនុរដ្ឋលេខាធិការ និងជាអនុប្រធានក្រុមការងារ, ឯកឧត្តម តាន់ហ៊ាង ដាវ័ណ្ណ ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកកិច្ចការអន្តរជាតិ និងអភិវឌ្ឍន៍វិស័យយុត្តិធម៌ និងជាអនុប្រធានប្រចាំការក្រុមការងារ និងលោក អ៊ុង រដ្ឋសូរិន ប្រធាននាយកដ្ឋានកិច្ចការច្បាប់និងកិច្ចសហប្រតិបត្តិការអាស៊ាន នាថ្ងៃទី១០ ដល់ ១៤ ខែតុលា ឆ្នាំ២០២២ បានចូលរួមកិច្ចប្រជុំឧត្តមមន្ត្រីច្បាប់អាស៊ានលើកទី២១ (21st ASLOM) និងកិច្ចប្រជុំពាក់ព័ន្ធ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន រួមមាន៖
១. កិច្ចប្រជុំលើកទី២ នៃក្រុមការងារឧត្តមមន្ត្រីច្បាប់អាស៊ានស្តីពីសន្ធិសញ្ញាអាស៊ានស្តីពីបត្យាប័ន
២.កិច្ចប្រជុំលើកទី១១នៃក្រុមការងារឧត្តមន្រ្តីច្បាប់អាស៊ានស្តីពីការពិនិត្យលើបែបបទសម្រាប់សុខដុមរមនីយកម្មនៃច្បាប់ធុរកិច្ចអាស៊ាន
៣. កិច្ចប្រជុំឧត្តមមន្ត្រីច្បាប់អាស៊ានលើកទី២១ (21st ASLOM)
៤. កិច្ចប្រជុំពិគ្រោះយោបល់រវាងឧត្តមន្រ្តីច្បាប់អាស៊ាន និងជប៉ុនស្តីពីការរៀបចំកិច្ចប្រជុំពិសេសរដ្ឋមន្រ្តីយុត្តិធម៌នៃបណ្តាប្រទេសអាស៊ាន និងជប៉ុន និង
៥. កិច្ចប្រជុំពិគ្រោះយោបល់ស្តីពីដំណើរឆ្ពោះទៅរកភាពជាដៃគូរវាងកិច្ចប្រជុំឧត្តមមន្ត្រីច្បាប់អាស៊ាន និងគម្រោងយុត្តិធម៌ពិភពលោក។
ដោយឡែកនៅចន្លោះកិច្ចប្រជុំខាងលើ ឯកឧត្តម នាក់ សើគីរីន អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ ក៏បានដឹកនាំគណៈប្រតិភូចូលរួមជំនួបទ្វេភាគីដាច់ដោយឡែកពីគ្នាចំនួនពីរ ជាមួយគណៈប្រតិភូឧត្តមមន្ត្រីច្បាប់នៃព្រះរាជាណាចក្រថៃឡង់ដ៏ និងសាធារណរដ្ឋសង្គមនិយមវៀតណាម ៕


