អភិបាលខេត្តបាត់ដំបង ចុះពិនិត្យការស្តារប្រឡាយទឹកសម្អុយដើម្បីរំដោះទឹកភ្លៀងដែលដក់លិចផ្លូវនៅក្នុង សង្កាត់ទួលតាឯក និងសង្កាត់អូរចារ

ភ្នំពេញ៖ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបងកាលពីសៀលថ្ងៃទី១២ ខែតុលាឆ្នាំ២០២២ បានដឹកនាំមន្ទីរជំនាញពាក់ព័ន្ធ អាជ្ញាធរក្រុងបាត់ដំបង ចៅសង្កាត់អូរចារ ដើម្បីចុះពិនិត្យមើលគ្រឿងចក្រ របស់មន្ទីរសាធារណការខេត្តបាត់ដំបង ដែលកំពុងតែធ្វើការស្តារប្រឡាយទឹកកខ្វក់មួយកន្លែង ស្ថិតក្នុងក្រុមទី២៩ភូមិអូរចារ សង្កាត់អូរចារ ដើម្បីកាយបើកមុខទឹក ដែលកំពុងតែបង្កឲ្យមានការលិចផ្លូវលំ ផ្លូវក្រួសក្រហមនិងផ្លូវកៅស៊ូមួយចំនួននៅក្នុងសង្កាត់ទួលតាឯក ក្រុងខេត្តបាត់ដំបង។
ក្នុងការចុះទៅកាន់ទីកន្លែងខាងលើរបស់ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង គឺផ្តោតសំខាន់ ដើម្បីធ្វើការត្រួតពិនិត្យ ពីបញ្ហាប្រឈមកើតឡើងនៅទីនោះ ដែលបានបណ្តាលឲ្យលិចផ្លូវនិងភូមិឋានផ្ទះសម្បែងផ្នែកខ្លះ ក្នុងសង្កាត់ទួ
លតាឯកនិងសង្កាត់អូរចារ ក្រុង-ខេត្តបាត់ដំបងដោយសារ តែលិចដក់ទឹកភ្លៀង និងគ្មានមុខទឹកហូរចេញពីភូមិទៅកាន់ប្រឡាយខាងក្រោមដែលអាចបង្កឲ្យមានការខូចខាត នូវ ផ្លូវក្រួសក្រហម ផ្លូវកៅស៊ូនៅទីនោះ។ និមួយផ្នែកទៀត ដោយសារតែប្រព័ន្ធប្រឡាយរំដោះទឹកកខ្វក់នៅទីនេះមិនអាចហូរបាន និងស្ទះមុខទឹក ដោយសារតែកាកសំណល់សម្រាមនិងដោយសារតែមានការចាក់ដីលុបប្រឡាយជំនួសដោយការដាក់លូទឹកមិនត្រឹមត្រូវ។ក្នុងនោះក៏មានប្រជាពលរដ្ឋមួយចំនួននាំគ្នាសាងសង់ផ្ទះរំលោភលើដីចំណីផ្លូវ និងប្រឡាយទៀតថែមទៀតផង។
លោក ផេង សិទ្ធី អភិបាលក្រុងបាត់ដំបងបានឲ្យដឹងថា ការចុះទៅពិនិត្យមើល របស់ឯកឧត្តមអភិបាលខេត្តបាត់ដំបង ខណៈពេលដែលអាជ្ញាធរក្រុង អាជ្ញាធរសង្កាត់និងមន្ទីរសាធារណការខេត្ត កំពុងតែនាំយកគ្រឿងចក្រកាយប្រឡា
យទឹកកខ្វក់ដើម្បីបើកមុខទឹកឲ្យហូរធ្លាក់ទៅកាន់ប្រឡាយមេមួយកន្លែងក្នុងភូមិអញ្ចាញ សង្កាត់អូរចារ កាត់ផ្លូវថភ្លើង និងដើម្បីឆ្ពោះទៅកាន់ប្រឡាយកំពង់សីមា ព្រំប្រទល់របស់ស្រុកឯកភ្នំ។

ដោយឡែក លោក ព្រួញ រិទ្ថថា ប្រធានមន្ទីរសាធារណការខេត្តបាត់ដំបង ក៏បានគូសបញ្ជាក់បន្ថែមថា៖ ការស្តារប្រឡាយបើកមុខទឹកនេះ គឺដើម្បីជួយសម្រួលជាបណ្តោះអាសន្ន។ខណៈដែលប្រឡាយមួយនេះស្ទះមុខទឹក បង្កដោយទឹកភ្លៀង ដែលកន្លងមកនេះខេត្តបាត់ដំបងមានភ្លៀ
ងធ្លាក់ជោគជាំយ៉ាងខ្លាំងជិតមួយខែធ្វើឲ្យផ្លូវក្នុងក្រុង ទទួលរងការខូចខាតយ៉ាងធ្ងន់ធ្ងរ…។
ក្នុងឱកាសនោះផងដែរ ឯកឧត្តម សុខ លូអភិបាលខេត្តបាត់ដំបង ក៏បានជម្រុញឲ្យអាជ្ញាធរក្រុង សង្កាត់ពាក់ព័ន្ធ និងមន្ទីរជំនាញ ត្រូវខិតខំរួមគ្នាដោះស្រាយនូវបញ្ហាប្រឈមកើតឡើងចំពោះមុខខាងលើ និងត្រូវរួមគ្នា បន្តធ្វើការពិនិត្យសិក្សាស្រាវជ្រាវឲ្យបានម៉ត់ចត់លម្អិតឲ្យបានជាក់លាក់ច្បាស់លាស់ ដើម្បីរដ្ឋបាលខេត្តបាត់ដំបង រកដំស្រាយពីបញ្ហាប្រឈមទាំងនេះ និងមិនបន្តឲ្យកើតមានជាថ្មីទៅថ្ងៃខាងមុខទៀតឡើយ៕

