អតីតយុទ្ធជនសោធននិវត្តន៍នៅឃុំបាក់ស្នា ស្រុកបារាយណ៍ បានទទួលខ្នងផ្ទះទី២១៣ អំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត

ភ្នំពេញ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២ បានដឹកនាំសហការី រួមជាមួយអាជ្ញាធរដែនដី បានទៅប្រគល់ខ្នងផ្ទះទី២១៣ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនអតីតយុទ្ធជនសោធននិវត្តន៍នៅភូមិកំពង់ពោន ឃុំបាក់ស្នា ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។
ឧត្ដមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា៖ លោកអនុសេនីយ៍ឯក សៅ ឌុំ អាយុ៧៣ឆ្នាំ ចូលបម្រើកងទ័ពនៅឆ្នាំ១៩៨៨ នៅអង្គភាពយោធាស្រុកបារាយណ៍ ខេត្តកំពង់ធំ ហើយបានក្រសួងការពារជាតិដាក់ឱ្យចូលនិវត្តតាមការកំណត់នៅឆ្នាំ១៩៩៦ ។ លោកមានភរិយានិងមានកូនក្នុងបន្ទុកចំនួន៤នាក់ បច្ចុប្បន្នមានជំរកស្នាក់នៅមិនសមរម្យ ។ ដោយឃើញពីការលំបាកនេះ អាជ្ញាធរដែនដី និង ក្រុមការងារនៃគណៈកម្មាធិការសមាគមអតីតយុទ្ធជនម្ពុជា ខេត្តកំពង់ធំ បានសុំការសម្រេចសាងសង់ផ្ទះថ្មីខ្នងទី២១៣ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត តាមរយៈឯកឧត្តមទេសរដ្ឋមន្រ្តីនាយឧត្ដមសេនីយ៍ គន់ គីម ជូនគាត់ដោយបានសាងសង់ខ្ពស់ផុតពីដី សសរបេតុង ឆ្អឹង ដែក រនាបក្តា ជញ្ជាំងស្មាតបត ដំបូលប្រក់ស័ង្កសីកិនភ្លី និងជណ្ដើរកាច់ ។
នៅក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានសំណូមពរដល់បងប្អូនអតីតយុទ្ធជននិងប្រជាពលរដ្ឋទាំងអស់សូមរួមគ្នាចូលរួមអនុវត្តន៍នូវគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ពិសេសត្រូវចូលរួមក្នុងការលុបបំបាត់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ នៅក្នុងមូលដ្ឋានរបស់យើង ដោយផ្តើមចេញពីយើងទាំងអស់គ្នា និងក្រុមគ្រួសារនីមួយៗ គ្មានអ្នកប្រព្រឹត្តល្បែងស៊ីសង ខុសច្បាប់ និងត្រូវខិតខំដាំដំណាំ ចិញ្ចឹមសត្វ ព្រមទាំងប្រកបមុខរបររកទទួលទានដោយសុច្ចរិតទៀងត្រង់ ជាមួយនេះដែរត្រូវបន្តអនុវត្តន៍ឲ្យបានខ្ជាប់ខ្ជួននូវវិធានការការពារទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ បីការពារនិងបីកុំ របស់សម្តេចតេជោ ហ៊ុន សែន ។
ក្នុងពិធីប្រគល់ផ្ទះថ្មីនៅពេលនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បាននាំយកនូវអំណោយរបស់ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ផ្ដល់ជូនគាត់បន្ថែមទៀតមាន ៖ អង្ករចំនួន ៥០គីឡូក្រាម មីចំនួន២កេស ទឹកត្រី ទឹកស៊ីអ៊ីវចំនួន២យួរ និងសម្ភារៈសម្រាប់ ប្រើប្រាស់ក្នុងផ្ទះបាយមានដូចជា ឆ្នាំង ចាន ស្លាបព្រា ចានដែក និងសម្ភារៈផ្សេងៗទៀត ព្រមទាំងថវិកាមួយចំនួនផងដែរ ។
លោក សៅ ឌុំ អតីតយុទ្ធជនសោធននិវត្តន៍ បានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតនិងសូមគោរពជូនពរចំពោះសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ រួមទាំងគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ សូមបានជួបតែនិងពុទ្ធពរទាំងប្រាំប្រការ កុំបីឃ្លៀងឃ្លាតឡើយ និងបានប្តេជ្ញាចិត្តបន្តគាំទ្រសម្តេចតេជោ ហ៊ុន សែន លុះអវសាន្តជីវិត ៕

