អភិបាលខេត្តតាកែវ អញ្ជើញបើកការដ្ឋានស្ថាបនាផ្លូវចាក់បេតុង ២ខ្សែ នៅសង្កាត់បារាយណ៍ និងសង្កាត់រកាក្រៅ ក្រុងដូនកែវ

ភ្នំពេញ៖ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២នេះ បានអញ្ជើញបើកការដ្ឋានស្ថាបនាផ្លូវ ចាក់បេតុងមួយខ្សែ មានប្រវែង ៨៩០ម៉ែត្រ ទទឹង ៥ម៉ែត្រ និងមានកម្រាស ១៥សង់ទីម៉ែត្រ ស្ថិតនៅភូមិត្រពាំងឬស្សី សង្កាត់បារាយណ៍ និងប្រកាសបើកដំណើរការដ្ឋានផ្លូវចាក់បេតុងមួយខ្សែទៀត មានប្រវែង ១៤២៥ម៉ែត្រ ទទឹង ៥ម៉ែត្រ និងមានកម្រាស ១៥សង់ទីម៉ែត្រ ស្ថិតនៅផ្លូវក្រុងលេខ២០ ចាប់ពីផ្លូវជាតិលេខ២ ដល់ផ្លូវក្រុងលេខ២១ ស្ថិតនៅភូមិថ្នល់បែក សង្កាត់រកាក្រៅ ក្រុងដូនកែវ។
ពិធីបើកការដ្ឋាននេះដែរក៏មានការអញ្ជើញចូលរួមដោយ លោកអភិបាលរងខេត្ត លោក កង អាណាន់ អភិបាលក្រុងដូនកែវ លោក លោកស្រី ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាសង្កាត់ និងបងប្អូនប្រជាពលរដ្ឋជាច្រើននាក់ផងដែរ ។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត ក៏បានផ្តាំផ្ញើទៅដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្តោយផ្លូវចាក់បេតុងទាំង២ខ្សែនេះ សូមចូលរួមថែរក្សា និងសំអាតផ្លូវបេតុងនេះឱ្យបានល្អប្រសើរ ដើម្បីឱ្យបងប្អូនប្រើប្រាស់បានជាប់និងយូរអង្វែងផងដែរ ហើយក្រោយពីស្ថាបនាផ្លូវបេតុងនេះរួចរាល់ វានឹងផ្តល់នូវភាពងាយស្រួលច្រើនដល់បងប្អូនបានធ្វើដំណើរទៅមក ដោយមិនជួបការលំបាកដូចពីមុន ពិសេសគឺងាយស្រួលក្នុងការដឹកភោគផលរបស់បងប្អូនពីក្នុងភូមិទៅកាន់ទីផ្សារ ។
ឯកឧត្តមអភិបាលខេត្ត ក៏បន្តក្រើនរំលឹកបន្ថែមទៀតទៅដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមអញ្ជើញមកទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ឱ្យបានគ្រប់ៗគ្នា ដើម្បីសហគមន៍របស់យើង គ្មានការឆ្លងនូវជំងឺកូវីដ១៩ជារៀងរហូត ៕

