មេទ័ពជើងគោក៖ ទោះមានបញ្ហាប្រឈម ដ៏ស្មុគស្មាញជាច្រើន ក៏ស្ថាប័ន-អង្គភាពស៊ីវិលស្ទើរទាំងអស់ ពិតជាបានពុះពារជម្នះ ការលំបាកដោយខិតខំ បន្តរក្សាការប្រាស័យទាក់ទង និងជួយឧបត្ថម្ភដល់អង្គភាពកងទ័ពជាប់ជាប្រចាំ

ភ្នំពេញ៖ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានលើកឡើងថា ទោះបីមានបញ្ហាប្រឈមដ៏ស្មុគស្មាញជាច្រើន ដូចជាវិបត្តិនៃជំងឺកូវីដ-១៩ ជាដើម ក៏ស្ថាប័ន-អង្គភាពស៊ីវិលស្ទើរទាំងអស់ ពិតជាបានពុះពារជម្នះការលំបាកដោយខិតខំបន្តរក្សាការប្រាស័យទាក់ទង និងជួយឧបត្ថម្ភដល់អង្គភាពកងទ័ពជាប់ជាប្រចាំ ។
ក្នុងពិធីបើកសិក្ខាសាលា បូកសរុបលទ្ធផលការងារ សម្ព័ន្ធមេត្រីភាពឆ្នាំ២០២១, ឆមាសទី១ ឆ្នាំ២០២២ និងលើកទិសដៅបន្ត រវាងអង្គភាពនៃកងយោធពលខេមរភូមិន្ទ ជាមួយនឹងស្ថាប័ន-អង្គភាពស៊ីវិល នាថ្ងៃទី២៩ ខែកញ្ញា ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ការរៀបចំសិក្ខាសាលាក្នុងថ្ងៃនេះ បានស្តែងឱ្យឃើញអំពីការខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់របស់ក្រុមការងារសម្របសម្រួលកិច្ចការសម្ព័ន្ធមេត្រីភាពរវាងអង្គភាពនៃកងយោធពលខេមរភូមិន្ទ ជាមួយស្ថាប័ន-អង្គភាពស៊ីវិល នៅក្នុងការពង្រឹងប្រសិទ្ធភាពនៃការងារសម្ព័ន្ធមេត្រីភាពតាមរយៈការរៀបចំឱ្យមានការជួបប្រជុំពិភាក្សាចែករំលែក និងផ្លាស់ប្តូរមតិយោបល់ ដើម្បីធ្វើការបូកសរុបវាយតម្លៃចំពោះបទពិសោធន៍ និងលទ្ធផលការងារដែលសម្រេចបានកន្លងមក ដោយរកឱ្យឃើញចំណុចខ្លាំង-ខ្សោយ ការលំបាក និងបញ្ហាប្រឈមនានា សំដៅធ្វើយ៉ាងណាតម្រង់ទិសឱ្យចំគោលដៅ និងឆ្លើយតបឱ្យបានត្រូវនឹងតម្រូវការចាំបាច់ជាក់ស្តែងរបស់អង្គភាពទ័ព។
ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត បញ្ជាក់ថា «ទោះបីមានបញ្ហាប្រឈមដ៏ស្មុគស្មាញជាច្រើន ដូចជាវិបត្តិនៃជំងឺកូវីដ-១៩ ជាដើម ក៏ស្ថាប័ន-អង្គភាពស៊ីវិលស្ទើរទាំងអស់ ពិតជាបានពុះពារជម្នះការលំបាកដោយខិតខំបន្តរក្សាការប្រាស័យទាក់ទង និងជួយឧបត្ថម្ភដល់អង្គភាពកងទ័ពជាប់ជាប្រចាំ ហើយសម្ព័ន្ធមេត្រីភាពដែលកងយោធពលខេមរភូមិន្ទ ពុំអាចបំភ្លេចបាននោះ គឺការជួយឧបត្ថម្ភគាំទ្រដោយផ្ទាល់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងបានផ្តល់ជំនួយឧបត្ថម្ភជួយដល់បណ្តាកងឯកភាព, យោធិន និងគ្រួសារយោធិន តាំងពីដើមរៀងមកដោយឥតមានចន្លោះពេល» ៕
