អភិបាលរងខេត្តកំពត អញ្ជើញជួបសំណេះសំណាល និងជូនដំណើរបងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមរថយន្តក្រុងដែលមិនចំណាយថវិកា

ភ្នំពេញ៖ លោក ង៉ាន់ ថារិទ្ធ អភិបាលរងខេត្តកំពត តំណាងឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត លោកនាយករដ្ឋបាលសាលាខេត្ត លោកអភិបាលក្រុង នាព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២នេះ បានអញ្ជើញជួបសំណេះសំណាល និងជូនដំណើរបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរតាមរថយន្តក្រុងដែលមិនចំណាយថវិកា ដែលពួកគាត់ត្រឡប់ទៅរាជធានីភ្នំពេញវិញ។
សូមជម្រាបជូនថា ដើម្បីជួយសម្រួលបន្ទុកចំណាយរបស់បងប្អូនប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ កម្មករ កម្មការិនី សិស្ស និស្សិតទាំងអស់ ដែលនឹងធ្វើដំណើរទៅលេងស្រុកកំណើតជួបជុំបងប្អូនក្រុមគ្រួសារ ប្រកបដោយសេចក្តីសប្បាយរីករាយ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាអោយរដ្ឋបាលរាជធានីភ្នំពេញរៀបចំរថយន្តក្រុងចំនួន ១៧៥គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈរយៈពេល ០៥ថ្ងៃ ពីថ្ងៃទី២៣នេះ ដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ ដោយមិនបង់ប្រាក់ ក្នុងនោះរថយន្តក្រុងចំនួន ៥គ្រឿងមានទិសដៅពីភ្នំពេញមកកាន់ខេត្តកំពតតាមរយៈផ្លូវជាតិលេខ៣៕

