របបយោធាមីយ៉ាន់ម៉ា ដោះលែងអនីតិជនចំនួន៩៣នាក់ ចេញពីជួរទ័ព

ណៃពិដោ៖ នៅថ្ងៃសុក្រ ទី៤ ខែកក្កដានេះ របបយោធាមីយ៉ាន់ម៉ា បានអះអាងថា បានដោះលែងអនីតិជនចំនួន៩៣នាក់ ចេញពីជួរទ័ព ក្រោយរបាយការណ៍របស់អង្គការសហប្រជាជាតិ(អ.ស.ប.)កាលពីខែមុន បានចោទមីយ៉ាន់ម៉ា និងសម្ព័ន្ធមិត្តថាបានជ្រើសរើសកុមារជាង៤០០នាក់ចូលបម្រើទ័ពប្រយុទ្ធ។
របបយោធាមីយ៉ាន់ម៉ា ប្រកាសថា បានបណ្តេញអនីតិជនចំនួន៩៣នាក់ចេញពីជួរទ័ព ហើយមកទល់ពេលនេះនៅសល់តែចំនួន១៨នាក់ទៀតប៉ុណ្ណោះ កំពុងរង់ចាំការផ្ទៀងផ្ទាត់។ កាណ៍នេះកើតឡើងបន្ទាប់ពីរបាយការណ៍របស់អគ្គលេខាធិការអង្គការសហប្រជាជាតិស្តីពីកុមារ និងជម្លោះប្រដាប់អាវុធបានបង្ហាញថា យោធាមីយ៉ាន់ម៉ា និងក្រុមប្រដាប់អាវុធដែលជាប់ពាក់ព័ន្ធកាលពីឆ្នាំមុនបានជ្រើសរើសក្មេងប្រុសចំនួន៤៦៧នាក់ និងក្មេងស្រី១៥នាក់ រួមទាំងកុមារជាង៣៧០នាក់ ចូលជួរទ័ព។ លើសពីនេះ របាយការណ៍បានបង្ហាញទៀតថា ក្រុមប្រឆាំងរបបយោធា ឬក្រុមប្រដាប់អាវុធជនជាតិភាគតិចក៏បានជ្រើសរើសកុមារផងដែរ ទោះបីជាចំនួនរបស់ពួកគេទាបជាងក្រុមយោធាក៏ដោយ។
គួររំឭកថា មីយ៉ាន់ម៉ាបានផុងជើងចូលទៅក្នុងភាពចលាចលចាប់តាំងពីរដ្ឋប្រហារឆ្នាំ២០២១មក។ គ្រានោះ កងកម្លាំងប្រដាប់អាវុធជាច្រើនត្រូវបានបង្កើតឡើង បន្ទាប់ពីការធ្វើរដ្ឋប្រហារ ខណៈក្រុមរប្រដាប់អាវុធជនជាតិភាគតិចទាំងនោះបានវាយប្រហារគ្នាជាមួយយោធាមីយ៉ាន់ម៉ាដូចភ្លៀងរលឹម។ កាលពីឆ្នាំ២០២៤ ប្រជាជនជិត៣លាន ៥សែននាក់ត្រូវបានផ្លាស់ទីលំនៅក្នុងប្រទេសដែលហែកហួរដោយសង្រ្គាម ខណៈជនជាតិភាគតិចរ៉ូហ៊ីងយ៉ាបាននាំគ្នាភៀសខ្លួនទៅប្រទេសក្បែរខាង និងខ្លះទៀតផ្ញើជោគវាសនៅកណ្តាលមហាសាគរ ដោយមិនដឹងកោះត្រើយនៅទីណា៕
