សិក្ខាកាមមកពីគ្រួសារក្រីក្រ៖ រៀនមានជំនាញផ្ទាល់ខ្លួន ប្រសើរជាងដើរស៊ីឈ្នួលគេ!

ភ្នំពេញ៖ “រៀនមានជំនាញផ្ទាល់ខ្លួន ប្រសើរជាងដើរស៊ីឈ្នួលគេ” នេះជាពាក្យសម្តីរបស់យុវជនមួយរូប ដែលជាសិក្ខាកាមកំពុងរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេស នៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនឦសាន ស្ថិតក្នុងខេត្តកំពត។
លោក ធឹង ណារ៉ូ ជាយុវជនមួយរូបដែលបានបោះបង់ចោលការសិក្សា ដោយសារតែគ្រួសារក្រីក្រ មិនមានលទ្ធភាពសម្រាប់សិក្សាបន្ត។ បច្ចុប្បន្ន ណារ៉ូ បានចូលរួម«កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ» ដែលត្រូវបានសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រកាសឱ្យអនុវត្តកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣។
តាមរយៈកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនេះ យុវជន ធឹង ណារ៉ូ បានចាប់យកមុខជំនាញបច្ចេកទេសលើសេវាកម្មបរិក្ខាត្រជាក់ ហើយបច្ចុប្បន្នរូបគេ ក៏កំពុងសិក្សាយ៉ាងយកចិត្តទុកដាក់ផងដែរ។
យុវជនរូបនេះបានបន្តថា ការសិក្សាជំនាញបច្ចេកទេសនេះ មិនត្រឹមតែមិនបង់ថ្លៃសិក្សានោះទេ ថែមទាំងទទួលបានប្រាក់ឧបត្ថម្ភត្រឡប់មកវិញទៀត។ ក្រៅពីនេះលោកគ្រូអ្នកគ្រូក៏មានការយកចិត្តទុកដាក់លើការបង្រៀនផងដែរ។
គួរបញ្ជាក់ថា ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ ជាថ្ងៃបើកបវេសនកាលផ្លូវការនៃវគ្គទី១ទូទាំងប្រទេស ចំពោះកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន១.៥លាននាក់។ ក្នុងវគ្គទី១នេះ មានសិក្ខាកាមចំនួន ១៥ ០០០នាក់ ។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការសិក្សាពីគ្រូជំនាញ និងរក្សានូវគោលការណ៍ «ឱ្យចេះ ឱ្យចប់ ឱ្យមានការងារ» ដើម្បីអនុវត្តអំឡុងពេលសិក្សាជាប់ជាប្រចាំ៕

