ឡាវអរគុណកម្ពុជា ដែលតែងតែជួយ ក្នុងអំឡុងពេលមានវិបត្តិគ្រោះអាសន្ននានា ពិសេសកូវីដ-១៩
ភ្នំពេញ៖ នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឯកឧត្តម បណ្ឌិត ផនខាំ វីផាវ៉ាន់ បានលើកឡើងថា ក្នុងនាមរដ្ឋាភិបាល និងប្រជាជនឡាវ សូមថ្លែងនូវការអរគុណចំពោះរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលតែងបានជួយដល់ប្រទេស និងប្រជាជនឡាវ ក្នុងអំឡុងពេលវិបត្តិគ្រោះអាសន្ននានា ជាពិសេសការផ្តល់ជំនួយជាថវិកា និងសម្ភារបរិក្ខារពេទ្យ រួមទាំងវ៉ាក់សាំង ដើម្បីប្រយុទ្ធនឹងជំងឺរាតត្បាត កូវីដ-១៩។
ឯកឧត្ដម នាយករដ្ឋមន្ត្រីឡាវបានលើកឡើងបែបនេះ នៅក្នុងជំនួបជាមួយឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោកកម្ពុជា នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ ក្នុងឳកាសដឹកដែលឯកឧត្ដមហ៊ុន ម៉ាណែត ដឹកនាំគណប្រតិភូអញ្ជើញមកបំពេញទស្សនកិច្ច នៅរដ្ឋធានីវៀងចន្ទន៍៕