ក្រសួងសាធារណការ ប្រជុំជាមួយក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន ពិភាក្សាអំពីការកំណត់កម្រៃសេវាផ្លូវការលើការប្រើប្រាស់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ

ភ្នំពេញ៖ ឯកឧត្តម កែន រដ្ឋា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ នៃក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២ បានដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសជាមួយក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន(CRBC) ដើម្បីពិភាក្សាកម្រិតដំបូងលើការកំណត់កម្រៃសេវាផ្លូវការ(Toll Official Price) លើការប្រើប្រាស់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដោយមានការចូលរួមពីមន្ត្រីជំនាញពាក់ព័ន្ធផងដែរ។
ឯកឧត្តមអគ្គនាយកប្រធានប្រជុំ បានស្នើឱ្យភាគីក្រុមហ៊ុនរៀបចំឯកសារលម្អិតផ្លូវការទាក់ទងនឹងការគិតគូរកម្រៃសេវាផ្លូវការលើការប្រើប្រាស់ផ្លូវល្បឿនលឿន និងកម្រៃសេវាផ្សេងៗទៀត ដោយយោងតាមលក្ខខណ្ឌដែលមានចែងនៅក្នុងកិច្ចព្រមព្រៀងសម្បទាន(CA) ដែលបានធ្វើឡើងរវាងរាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន ដើម្បីពិនិត្យ និងពិភាក្សាជាមួយក្រសួងបន្ថែមទៀត៕


