អាជីវកម្មសេវាកម្មផ្សេងៗ ត្រូវបានបិទទ្វារនៅទូទាំងតំបន់ Kashmir ដែលគ្រប់គ្រងដោយប៉ាគីស្ថាន ក្រោយភាពចលាចលដ៏សាហាវបណ្តាលឱ្យមនុស្ស ២៤នាក់ស្លាប់នៃការផ្ទុះបាតុកម្មតវ៉ា

បាគីស្ថាន៖ បើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី១៩ ខែមិថុនា ឆ្នាំ២០២៦ អាជីវកម្មក៏ដូចជាសេវាកម្មផ្សេងៗ ត្រូវបានបិទទ្វារនៅទូទាំងតំបន់ Kashmir ប៉ែកខាងតំបន់ដែលគ្រប់គ្រងដោយប៉ាគីស្ថាន ជាហេតុធ្វើឱ្យជីវិតប្រចាំថ្ងៃមានភាពជាប់គាំង ក្រោយភាពចលាចលដ៏សាហាវបណ្តាលឱ្យមនុស្ស ២៤នាក់ស្លាប់ ក្នុងរយៈពេលជិត ២សប្តាហ៍នៃការផ្ទុះបាតុកម្មតវ៉ា។
ការប្រឈមមុខដាក់គ្នា រវាងអាជ្ញាធរមូលដ្ឋាន និងក្រុមអ្នកគាំទ្រអង្គការ Awami Action Committee ឬ JAAC ដែលថ្មីៗនេះត្រូវបានហាមឃាត់ បានបង្កជាបញ្ហាប្រឈមដ៏រសើបមួយ សម្រាប់ទីក្រុងអ៉ីស្លាម៉ាបាដ។
ភាពចលាចលបានចាប់ផ្តើមមុនបាតុកម្មកាលពីថ្ងៃទី៩ ខែមិថុនា ដែល JAAC អះអាងថា
ដើម្បីទាមទារអាសនៈចំនួន ១២សម្រាប់ជនភៀសខ្លួន នៅក្នុងការបោះឆ្នោតសភាតំបន់ ដែលមាន ៤៥អាសនៈ។ ជនភៀសខ្លួនទាំងនោះជាអ្នកផ្លាស់ចេញពីតំបន់កាស្មៀរ ប៉ែកខាងឥណ្ឌាគ្រប់គ្រង មករស់នៅប៉ាគីស្ថាន។ ការបោះឆ្នោតនឹងត្រូវធ្វើឡើងនៅថ្ងៃទី២៧ ខែកក្កដា។
មន្ត្រីរដ្ឋាភិបាលបាននិយាយថា យ៉ាងហោចណាស់ជនស៉ីវិល ២០នាក់ត្រូវបានសម្លាប់ និងជាច្រើននាក់ទៀតរងរបួស។
តាមមេប៉ូលិសប្រចាំតំបន់ លោក Liaqat Ali Malik មន្រ្តីប៉ូលិស ៤នាក់ត្រូវបានសម្លាប់ និង ៩៧នាក់រងរបួស ក្នុងការប៉ះទង្គិចគ្នាជាមួយក្រុមអ្នកតវ៉ា ខណៈដែលមនុស្ស ៥១៥នាក់ត្រូវបានឃុំខ្លួន។ រដ្ឋាភិបាល បាន ឆ្លើយ តប ដោយ ការ បិទ ផ្លូវ សំខាន់ៗ បិទបណ្តាញ អ៉ីនធឺណិត និង ការ រឹត បន្តឹង ផ្នែកប្រព័ន្ធ ផ្សព្វផ្សាយ ចូលទៅ កាន់ តំបន់ កាស្មៀរ ។
គួរបញ្ជាក់ថា ប៉ាគីស្ថាន ដែលធ្លាប់រិះគន់ទីក្រុង Delhi ជុំវិញការដោះស្រាយជាមួយក្រុមអ្នកប្រឆាំង នៅប៉ែកនៃតំបន់ Kashmir ដែលគ្រប់គ្របដោយឥណ្ឌា ឥឡូវនេះត្រូវប្រឈមមុខនឹងកំហឹងក្នុងទឹកដីប៉ែកដែលខ្លួនកំពុងគ្រប់គ្រងវិញម្តង៕

