ប្រធានាធិបតីគុយបា៖ រាល់សកម្មភាពយោធារបស់អាមេរិកប្រឆាំងគុយបា នឹងនាំទៅដល់ការបង្ហូរឈាម

ឡាហាវ៉ាន៖ បើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី១៩ ខែឧសភា ឆ្នាំ២០២៦ ប្រធានាធិបតីគុយបា លោក Miguel Diaz-Canel បាននិយាយកាលពីថ្ងៃចន្ទសប្តាហ៍នេះថា រាល់សកម្មភាពយោធារបស់សហរដ្ឋអាមេរិកប្រឆាំងគុយបា នឹងនាំទៅដល់ការបង្ហូរឈាម រួមជាមួយផលវិបាកមិនអាចគណនាបាន សម្រាប់សន្តិភាព និងស្ថិរភាពតំបន់។
នៅលើបណ្តាញសង្គម X លោក Diaz-Canel សរសេរថា «គុយបា មិនមែនជាការគំរាមកំហែងណាមួយឡើយ»។
ការអត្ថាធិប្បាយនេះធ្វើឡើងក្រោយរបាយការណ៍សារព័ត៌មាន Axios ចេញផ្សាយកាលពីថ្ងៃអាទិត្យ ដោយយោងលើប្រភពចារកម្មសម្ងាត់ ថាគុយបាបានទទួលយន្តហោះដ្រូនយោធាជាង ៣០០គ្រឿង ហើយបានពិភាក្សាអំពីផែនការប្រើប្រាស់វា ដើម្បីវាយប្រហារមូលដ្ឋានទ័ពជើងទឹកអាមេរិកនៅឈូងសមុទ្រ Guantanamo នាវាយោធាអាមេរិក និងកោះ Key West រដ្ឋ Florida។
ជុំវិញសេចក្តីរាយការណ៍នេះ គុយបា ចាត់ទុកថា សហរដ្ឋ អាមេរិក កំពុង ប្រឌិត ករណី មួយ ដើម្បី បង្ហាញ ពី ភាពត្រឹមត្រូវ នៃ អន្តរាគមន៍ យោធាដ៏មានសក្កានុពល ។ នៅតាមដងផ្លូវនៃរដ្ឋធានីឡាហាវ៉ាន អ្នកស្រុកមួយចំនួនបាននិយាយថា ពួកគេនឹងតស៊ូទប់ទល់ចំពោះការវាយប្រហារណាមួយ ទោះបីជាប្រទេសកំពុងជួបការលំបាកផ្នែកសេដ្ឋកិច្ចធ្ងន់ធ្ងរក៏ដោយ៕
