រុស្ស៉ីបាញ់ទម្លាក់យន្តហោះដ្រូន ចំនួន៥១៩គ្រឿងរបស់អ៊ុយក្រែន

មូស្គូ៖ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៦ ខែកក្កដា ឆ្នាំ២០២៦ យោធារុស្ស៉ីបាននិយាយថា កងកម្លាំងរបស់ខ្លួនបានបាញ់ទម្លាក់យន្តហោះដ្រូន ចំនួន៥១៩គ្រឿងរបស់អ៊ុយក្រែន កាលពីវេលាយប់កន្លងទៅ។
រុស្ស៉ីបានអះអាងថា យន្តហោះដ្រូនអ៊ុយក្រែនរាប់រយគ្រឿងខាងលើ បានកំណត់គោលដៅមកលើតំបន់រដ្ឋធានីមូស្គូ និងទីក្រុង Saint Petersburg ដែលជាទីក្រុងធំជាងគេទី២ របស់ប្រទេសរុស្ស៉ី ព្រមទាំងតំបន់មួយចំនួនផ្សេងទៀត ប៉ុន្តែពុំបានបញ្ជាក់ថា តើមានមនុស្សរងគ្រោះថ្នាក់ស្លាប់ឬរបួសដែរឬក៏អត់ទេ។
រីឯអ៊ុយក្រែនវិញ បានអះអាងដែរថា ការវាយប្រហារដោយដ្រូននិងមីស៉ីលរបស់រុស្ស៉ី កាលពីចន្លោះវេលាយប់ឈានចូលថ្ងៃចន្ទនេះ បានសម្លាប់មនុស្សយ៉ាងហោច១១នាក់ បង្កឱ្យរបួសរាប់សិបនាក់ផ្សេងទៀត ហើយបណ្តាលឱ្យអគារជាច្រើនរងការខូចខាតធ្ងន់ធ្ងរ។ អ៊ុយក្រែនបាននិយាយថា រុស្ស៉ីប្រើមីស៉ីលសរុប៦៨គ្រាប់ ក្នុងនោះមានមីស៉ីលបាលិស្ទីគ២៣គ្រាប់ និងមីស៉ីលល្បឿនលឿនជាង សំឡេង៦គ្រាប់ រួមជាមួយយន្តហោះដ្រូន៣៥១គ្រឿង។
គួរបញ្ជាក់ថា ការបន្តវាយប្រហារតាមអាកាសដាក់គ្នាទៅមកនេះ គឺនៅមុនកិច្ចប្រជុំកំពូល NATO សប្តាហ៍នេះក្នុងប្រទេសតួកគីយ៉េ ជាទីដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងត្រូវជួបជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ដើម្បីព្យាយាមជំរុញកិច្ចប្រឹងប្រែងសាឡើងវិញ ដើម្បីឆ្ពោះទៅរកការបិទបញ្ចប់សង្រ្គាមអូសបន្លាយ ដែលបានផ្ទុះឡើងនៅពេលរុស្ស៉ីសម្រេចឈ្លានពានអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ២០២២៕

