សម្ដេចធិបតី៖ ការតភ្ជាប់ផ្លូវ គឺជាការតភ្ជាប់ជីវិត និងសរសៃឈាម ដែលនាំឈាមទៅចិញ្ចឹមនៅគ្រប់កន្លែងទាំងអស់នៃប្រទេសរបស់យើង

កំពង់ចាម៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបញ្ជាក់ថា ការតភ្ជាប់ផ្លូវ គឺជាការតភ្ជាប់ជីវិត និងសរសៃឈាម ដែលនាំឈាមទៅចិញ្ចឹមនៅគ្រប់កន្លែងទាំងអស់នៃប្រទេសរបស់យើង ខណៈនៅតាមមូលដ្ឋានរាជរដ្ឋាភិបាលក៏បានកសាងផ្លូវបេតុង តាមរយៈមូលនិធិឃុំ-សង្កាត់ ដើម្បីតភ្ជាប់មកផ្លូវជាតិ។
សម្ដេចធិបតីលើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធបើកឲ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧ ប្រវែង ៤៥,៤៨៩ គ.ម ចាប់ពីរង្វង់មូលស្គង់ដល់រង្វង់មូលគល់ស្ពានគីហ្សូណា ក្រុងកំពង់ចាម នាព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៦។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដីជឿជាក់ថា ក្រោយពេល៥ទៅ១០ឆ្នាំទៅមុខទៀត ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋនៅតាមបណ្ដោយកំណាត់ផ្លូវជាតិលេខ៧នេះ នឹងកាន់តែមាន ការរីកចម្រើន និងអភិវឌ្ឍបន្ថែម ជាពិសេសវិស័យទេសចរណ៍ និងការធ្វើដំណើរ និងលើកទឹកចិត្តដល់ពលរដ្ឋអាចមានជម្រើសក្នុងការជ្រើសរើសផ្លូវសម្រាប់ធ្វើដំណើរផងដែរ។
សម្ដេចធិបតីលើកឡើងថា កំណាត់ផ្លូវជាតិលេខ ៧ នឹងផ្តល់ប្រាក់ចំណេញផ្នែកសេដ្ឋកិច្ចក្នុងអត្រា ១៥,២៧% ដែលជាផលចំណេញទៅដល់ប្រជាពលរដ្ឋ និងសេដ្ឋកិច្ចមូលដ្ឋាន ពីការដឹកជញ្ជូន ចំណេញពេលវេលា និងការដឹកកសិផល។ កំណាត់ផ្លូវជាតិលេខ៧ ដែលត្រូវបានស្ថាបនាឡើងវិញរួចរាល់ និងត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់នាពេលនេះ មានប្រវែង ៤៥,៤៨៩គីឡូម៉ែត្រ ជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ(AC) កម្រាស់ ៩សង់ទីម៉ែត្រ និងបេតុងសរសៃដែក កម្រាស់ ២៦សង់ទីម៉ែត្រ ដោយមានគន្លងផ្លូវធ្វើចរាចរណ៍ចំនួន ៤គន្លង។ ប្រើប្រាស់រយៈពេលសាងសង់ចំនួន ២៧ខែ និងបានបញ្ចប់ការសាងសង់នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ដោយបានចំណាយថវិកាសរុបជាង ១១៧លានដុល្លារអាម៉េរិក ដែលជាឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដីបន្ថែមថា ការស្ថាបនាពង្រីកកំណាត់ផ្លូវជាតិនេះឡើងវិញ ដើម្បីប្រែក្លាយជាហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ឱ្យរឹងមាំ ធំទូលាយ សម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនទំនិញ ជាពិសេសផលិតផលកសិកម្ម និងកសិ-ឧស្សាហកម្ម រួមចំណែកជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅក្នុងខេត្តកំពង់ចាម និងបណ្ដាខេត្តជាប់ព្រំប្រទល់ ដែលមានសក្តានុពលក្នុងការពង្រីកសកម្មភាពពាណិជ្ជកម្ម និងការផ្លាស់ប្ដូរទំនិញ របស់ប្រជាពលរដ្ឋ។
សម្ដេចធិបតីបញ្ជាក់ថា លើសពីនេះ កំណាត់ផ្លូវជាតិលេខ៧ ក៏មានតួនាទីសំខាន់ក្នុងការលើកកម្ពស់វិស័យទេសចរណ៍ ដោយភ្ជាប់ការធ្វើដំណើរទៅកាន់ប្រាសាទបុរាណ រមណីយដ្ឋានធម្មជាតិ និងតំបន់វប្បធម៌ប្រវត្តិសាស្ត្រនានាក្នុងខេត្តកំពង់ចាម៕

